តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវ។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវសរុប ១,២១៥រូប។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដោយចាប់ផ្តើមចេញពីខេត្តកំពង់ចាម ហើយខេត្តត្បូងឃ្មុំនៅថ្ងៃបន្ទាប់។ ខេត្តតាកែវ ជាខេត្តទី៤ហើយ ដែលសម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាល ខណៈខេត្តកំពង់ស្ពឺ ជាខេត្តទី៣។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការការពារធនធានធម្មជាតិ និងកិច្ចការផ្សេងៗពាក់ព័ន្ធការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋានជាដើម។
យោងតាម Fresh AI បានឱ្យដឹងថា ខេត្តតាកែវ ជាខេត្តមួយដែលមានវ័យចំណាស់ជាងគេ ស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញប្រមាណ ៧៧គីឡូម៉ែត្រ តាមផ្លូវជាតិលេខ២ ៨៧គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ និង ៧៥គីឡូម៉ែត្រ តាមផ្លូវរថភ្លើង។ ខេត្តតាកែវ មានផ្ទៃដីសរុប ៣.៦៨០,១៥ គីឡូម៉ែត្រការ៉េ ចែកចេញជាក្រុង១ និងស្រុក៩ សង្កាត់៣ និងឃុំ៩៧ និងភូមិចំនួន ១,១២១ភូមិ។
ខេត្តតាកែវមានប្រជាពលរដ្ឋសរុប ចំនួន ១.១៧៥.១៥៩នាក់ ស្រីចំនួន ៦២២.២៦៨នាក់។ ខេត្តតាកែវ មានព្រំប្រទល់ខាងជើង និងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់ខេត្តកំពង់ស្ពឺ និងខេត្តកំពត និងខាងត្បូងជាប់នឹងប្រទេសវៀតណាម។ ខេត្តតាកែវមានច្រកទ្វារព្រំដែនចំនួន៣ រួមមាន៖ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន, ច្រកទ្វារព្រំដែនទ្វេភាគីកំពង់ក្រសាំង និងច្រកទ្វារព្រំដែនតំបន់ព្រំដែនបាក់ដៃ។
លោក វីុ សំណាង អភិបាលខេត្តតាកែវ បានគូសរំលេចនូវវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលខេត្តសម្រេចបានធ្វើឱ្យខេត្តមានការរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បានល្អប្រសើរ។
បើតាមលោកអភិបាលខេត្ត សេដ្ឋកិច្ចខេត្តតាកែវ បានមកពីវិស័យធំៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម ៥៣ភាគរយ វិស័យឧស្សាហកម្ម និងសំណង់ ៣១ភាគរយ និងវិស័យសេវាកម្ម ១៦ភាគរយ។
ខេត្តតាកែវ ជាខេត្តប្រកបដោយសក្ដានុពលកសិកម្ម តំបន់ទេសចរណ៍សំខាន់ៗ និងជាខេត្ត ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ បច្ចុប្បន្នខេត្តតាកែវ មានរោងចក្រ សហគ្រាសធំៗកំពុងធ្វើអាជីវកម្ម និងបន្តមកបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ មានចំនួន ៨៣៩កន្លែង កម្មករនិយោជិតសរុបចំនួន ១៣៧.០៨៧នាក់ ស្រី ៨៤.៣១៦នាក់ ក្នុងនោះរោងចក្រវាយនភ័ណ្ឌកាត់ដេរចំនួន ១៤៧ មាននិយោជិតសរុប ១០៨.១១៣នាក់
ស្រីចំនួន ៧១.៩០១នាក់ រួមមានកាត់ដេរសំលៀកបំពាក់ចំនួន ១១០រោងចក្រ មានកម្មករ និយោជិតសរុប ៦៧.១៧០នាក់ ស្រី ៤៣.៧០៣នាក់។ ដេរស្បែកជើងចំនួន១៩រោងចក្រ កម្មករ និយោជិតសរុប ២៧.២៩៣នាក់ ស្រី ២០.០១៨នាក់។ ដេរកាបូប និងផលិតផលសម្ភារធ្វើដំណើរចំនួន ១៨រោងចក្រ កម្មករនិយោជិត ចំនួន ១៣.៦៥០នាក់ ស្រី ៨.១៨០នាក់។ រោងចក្រសហគ្រាសក្រៅពីកាត់ដេរ ដូចជា រោងចក្រផលិតគ្រឿងអេឡិចត្រូនិក ២៥រោងចក្រ មានកម្មករ និយោជិតចំនួន ៩.៦៧៨នាក់ ស្រី ៥.១៤៣នាក់។ រោងចក្រផលិតទឹកដោះគោ, ផលិតទាន, ផលិតសក់សិប្បនិម្មិត និងផលិតកូនបាល់ចំនួន ៤៦៣កន្លែង មានកម្មករនិយោជិតចំនួន ៧១.៣៨១នាក់ ស្រី ៤១.៣៦៦នាក់។
វិស័យសេវាកម្ម ផ្នែកសេវាកម្ម ដូចជា ធនាគារ, មីក្រូហិរញ្ញវត្ថុ, ភោជនីយដ្ឋាន, អាហារដ្ឋាន, សេវាកម្មសប្បាយកម្សាន្តមានចំនួន ២០០កន្លែង ដែលមានកម្មករ និយោជិត សរុបចំនួន ៤.២១១នាក់ ស្រី ១.៣២៨នាក់ និងសិប្បកម្មផលិតឥដ្ឋចំនួន ៤កន្លែង កម្មករសរុប ៦៩នាក់ ស្រី ២៦នាក់ ដែលប្រាក់ចំណូល ជាមធ្យមតាមរយៈប្រាក់ឈ្នួលកម្មករនិយោជិតក្នុងឆ្នាំ២០២៥ ចំនួនប្រមាណ ៤១១.២៦១.០០០ដុល្លារអាមេរិក។
ទន្ទឹមនឹងការរីកចម្រើន នៃរោងចក្រ សហគ្រាស បច្ចុប្បន្នកំពុងតម្រូវការកម្លាំងពលកម្ម ៨.៧៧៤កន្លែង។
វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ខេត្តតាកែវ ឆ្នាំ២០២៥ សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន និងគួរជាទីមោទនភាព ដែលក្នុងនោះ តុល្យភាពស្បៀងសល់ជាអង្ករ មានចំនួន ៦១៤.១៣៧តោន គិតជាស្រូវ ៩៥៩,៥៩០តោន។ បរិមាណស្រូវនាំចេញ និងឆ្លងកាត់គិត សរុបចំនួន ៨០៨.០៩៧តោន។
ការងារបង្កបង្កើនផលស្រូវរដូវប្រាំងអនុវត្តបានចំនួន ១១១.៥០៣ហិកតា ស្មើនឹង ១៣៩,១៣ភាគរយ នៃផែនការ ៨០.០០០ហិកតា ផ្ទៃដីប្រមូលផលសរុប ១១១.៣៦៨ ហិកតា ស្មើនឹង ៩៩,៨៧ភាគរយ ទិន្នផលមធ្យម ៥,២៣៥តោន/ហិកតា បរិមាណផលសរុប ៥៨២.៩៨០តោន និងដំណាំរួមផ្សំរដូវ ប្រាំងដាំបានចំនួន ១.០៥៥ហិកតា បរិមាណផលសរុប ១៨.៨៨០តោន។
ការងារបង្កបង្កើនផលស្រូវរដូវវស្សា អនុវត្តបានចំនួន ២៣៨,០៨១ហិកតា ស្មើនឹង ១១៣,៣៧ភាគរយ នៃផែនការ ២១០.០០០ហិកតា ផ្ទៃដីប្រមូលផល ២៣៥.៥៣៤ ហិកតា ទទួលបានទិន្នផល ៣,៥៣៨តហិកតា បរិមាណផលសរុប ៨៣៣.៣៧១តោន និង ដំណាំរួមផ្សំរដូវវស្សាដាំបានសរុប ១.៤៩៦ហិកតា បរិមាណផលសរុប ៣០.៨៣៣ តោន។
ផលនេសាទសរុបចំនួន ៣៧.៥៩៨តោន ក្នុងនោះ បង្កង ៧៩តោន និងផលនេសាទកែច្នៃសរុប ១៣៥តោន។ ការនាំចេញសាច់ក្រៅខេត្ត រួមមាន ជ្រូកសាច់ និងកូនជ្រូក ៣៩២.៧៨៦ក្បាល, គោ និងក្របី ៣.៩៨២ក្បាល, ស៊ុត ៥៤.៥០០ដុំ ស្មើនឹង១៦.៣៥០.០០០គ្រាប់, មាន់ ៤.០៩៥.៥០០ក្បាល, ទា ៥៥៧.១០០ក្បាល។
ខេត្តតាកែវមានប្រព័ន្ធធារាសាស្ត្រមានចំនួន ១៣០កន្លែង ក្នុងនោះខ្នាតធំចំនួន ០៧កន្លែង ខ្នាតមធ្យមចំនួន ៦៤កន្លែង និងខ្នាតតូចចំនួន ៥៩កន្លែង។ ទំនប់ប្រវែងសរុប ២១៩.៦៨៦ម៉ែត្រ និងទំនប់ការពារទឹកជំនន់ ០១កន្លែង ប្រវែង ២៣.៤០០ម៉ែត្រ ប្រឡាយមេសរុប ៩២៧.៤២៨ម៉ែត្រ ប្រឡាយរងប្រវែង ១.៤៦១.៣៥២ម៉ែត្រ។ មានស្ថានីយបូមទឹកចំនួន ៥៩កន្លែង ក្នុងនោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន មានចំនួន ៤កន្លែង គឺស្ថានីយទី៧, ៨, ២២ និងស្ថានីយ២៣ ស្ថិតក្នុងស្រុកបាទី។ ផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗចំនួន ៤២ខ្សែ ប្រវែងសរុប ៦៩២,៧៧៥ម៉ែត្រ ក្នុងនោះផ្លូវជាតិមាន ៦ខ្សែ ប្រវែង ១៦៦,៧៣០គីឡូម៉ែត្រ និងផ្លូវខេត្តចំនួន ៣៦ខ្សែ ប្រវែង ៥៣១,៩៧៥គីឡូម៉ែត្រ។
វិស័យថាមពលអគ្គិសនី និងទឹកស្អាត បានផ្គត់ផ្គង់ថាមពលអគ្គិសនីជាក់ស្តែងចំនួន ១.១១៧ភូមិ លើ ១.១២១ភូមិ – ស្មើនឹង ៩៩,៦៤ភាគរយ គ្រួសារ ដែលបានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់មានចំនួន ២៣០.០៩៦គ្រួសារ ស្មើនឹង ៩៦,០៧ភាគរយ និងភ្ជាប់បណ្តាញទឹកស្អាត មានចំនួន ៨៨.៨០៣គ្រួសារ ស្មើនឹង ៤៩,០១ភាគរយ។
វិស័យសុខាភិបាល និងសុខមាលភាពសង្គម ខេត្តតាកែវមានមន្ទីរពេទ្យបង្អែកចំនួន ៦កន្លែង មណ្ឌលសុខភាព ៩០កន្លែង និងប៉ុស្តិ៍សុខភាព ៣កន្លែង ក្នុងនោះ អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន មាណែត និងលោកជំទាវបណ្ឌិត រួមមានអាគារបន្ទប់វះកាត់ អគារសង្គ្រោះបន្ទាន់ និងបរិក្ខាពេទ្យនៅមន្ទីរបង្អែកគិរីវង់ មន្ទីរពេទ្យបង្អែកព្រៃកប្បាស និងមន្ទីរពេទ្យបង្អែកអង្គរកា អំណោយនេះមិនត្រឹមតែសម្រាប់អ្នកខេត្តតាកែវប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ខេត្តជុំវិញផងដែរ។
វិស័យអប់រំ និងសិក្សាធិការ គឺមានចំនួន ១,៧១១ខ្នង ស្មើនឹង៨,១៥៨បន្ទប់ ក្នុងនោះអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានបឋមសិក្សារដ្ឋចំនួន ១៩៩ខ្នង ស្មើនឹង១០៤៤បន្ទប់ អនុវិទ្យាល័យរដ្ឋ ៣៣ខ្នង ស្មើនឹង១៧៧បន្ទប់ និងវិទ្យាល័យរដ្ឋ ៨៦ខ្នង ស្មើនឹង៥៤៨បន្ទប់ គរុកោសល្យខេត្ត ៥ខ្នង ស្មើនឹង៧៥បន្ទប់ និងគរុកោសល្យភូមិភាគ ៣ខ្នង ស្មើនឹង៦៩បន្ទប់ផងដែរ។
ចំពោះវិស័យសាសនា មានវត្តសរុបចំនួន ៣៤៧វត្ត (ក្នុងនោះ គណៈមហានិកាយចំនួន ៣២០វត្ត គណៈធម្មយុត្តិកនិកាយ ២៧វត្ត) អាស្រម ១០កន្លែង មណ្ឌលវិបស្សនាធុរៈ ១កន្លែង ឥស្លាមសាសនាចំនួន ៣២កន្លែង គ្រឹស្តសាសនាចំនួន ១៨៨កន្លែង និងពុទ្ធសាសនាមហាយាន ចំនួន ១៤កន្លែង។
ក្រៅពីនេះទៀត ខេត្តក៏ទទួលបានសមិទ្ធផលអភិវឌ្ឍជាច្រើនទៀតនាពេលកន្លងមក ទាំងផ្នែកអាណាចក្រ និងពុទ្ធិចក្រ ដែលជាអំណោយផ្តល់ជូនពុំអាចកាត់ថ្លៃបានរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី និងលោកជំទាវបណ្ឌិត គឺមោទនភាព ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តតាកែវ។
ក្នុងឆ្នាំ២០២៥ ការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ការអនុវត្តគម្រោងអភិវឌ្ឍក្នុងខេត្តតាកែវ មានសរុបចំនួន ១៨៩គម្រោង ក្នុងនោះថ្នាក់ខេត្ត ចំនួន ១២គម្រោង ក្រុង ស្រុក ចំនួន ២៨គម្រោង និងឃុំ សង្កាត់ ចំនួន ១៤៩គម្រោង ក្នុងនោះរួមមានគម្រោងសាងសង់ផ្លូវកៅស៊ូ ផ្លូវបេតុងអាមេ ផ្លូវក្រួសក្រហម ប្រព័ន្ធលូបង្ហូរទឹក ព្រមទាំងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រពកសិផលរបស់ប្រជាជនផងដែរ។
ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តទាំង ១៤វិស័យបានចំនួន ៣០.២៣២សេវា ស្រី ៧.៨៤២នាក់ ទទួលបានចំណូលសរុបចំនួន ៥.២១៥.៨០៣.៧៥០រៀល ការិយាល័យច្រកចេញចូលតមួយរដ្ឋបាលក្រុង ស្រុកទាំង១០ បានផ្តល់សរុបចំនួន ១៤៤.៤០០សេវា និងចំណូលទទួលបានសរុបចំនួន ៣០០.៣៩៨.៥០០រៀល។ តាមរយៈយន្តការច្រកចេញចូលតែមួយរដ្ឋបាលឃុំ សង្កាត់ទាំង១០០ ឃុំ សង្កាត់ បានផ្តល់សេវា សរុបចំនួន ២០៤.៣១០សេវា និងចំណូលទទួលបានចំនួន ១៦៥.៦៥៧.៤៩៧រៀល៕
























