ខេត្តកណ្តាល៖ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព និងបានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗជាច្រើន ដល់អភិបាលស្រុកដែលឡើងកាន់តំណែងថ្មី ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងមូលដ្ឋានទាំងអស់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ធានាសន្តិសុខ សុវត្ថិភាព និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ពិធីនេះប្រារព្ធធ្វើនៅក្នុងសាលាស្រុកល្វាឯម នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ។
មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ការតែងតាំង ការផ្លាស់ប្តូរ ឬការបញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងប្រសិទ្ធភាពការងារ និងឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថា៖ ការពង្រឹងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងការបង្ក្រាបបទល្មើសស្គេមអនឡាញ ឱ្យមានប្រសិទ្ធភាពខ្ពស់ គឺដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ទោះបីជាបច្ចុប្បន្ននៅក្នុងមូលដ្ឋានស្រុកល្វាឯម មិនទាន់មានសញ្ញានៃបទល្មើសស្គេមអនឡាញក៏ដោយ ប៉ុន្តែមន្ត្រីទាំងអស់មិនត្រូវមានការធ្វេសប្រហែសឱ្យសោះ។ ត្រូវតែបង្កើនការសង្កេត តាមដាន និងរួមគ្នាសហការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសស្គេមអនឡាញក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។
ឯកឧត្តមក៏បានជំរុញលើការងារដីធ្លី និងការបន្តចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ត្រូវជំរុញ និងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ដោយឈរលើគោលការណ៍គ្មានទំនាស់ និងគ្មានជម្លោះ ត្រូវបន្តចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងត្រឹមត្រូវរាល់ការងារដីធ្លី គឺត្រូវតែចុះបញ្ជីឱ្យបានត្រឹមត្រូវ ទើបមានសិទ្ធិពេញលេញក្នុងការផ្ទេរ ទិញ ឬលក់ ដោយស្របតាមច្បាប់។
ឯកឧត្តម ក៏បានណែនាំដល់ រដ្ឋបាលស្រុកត្រូវបន្តយកចិត្តទុកដាក់បង្កើនសមត្ថភាពមន្ត្រីរាជការឱ្យមានសមត្ថភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការដឹកនាំ និងគ្រប់គ្រងការងារក្នុងមូលដ្ឋាន ពិសេសត្រូវបន្តខិតខំ និងពន្លឿនការងារបម្រើសេវាសាធារណៈនឹងត្រូវជួយសម្រួល និងពន្លឿនការធ្វើបញ្ជាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជូនក្មួយៗសិស្សានុសិស្សដែលទើបប្រឡងជាប់ឱ្យបានឆាប់រហ័ស ដើម្បីឱ្យពួកគាត់យកទៅប្រើប្រាស់ក្នុងការសិក្សា និងការងារផ្សេងៗ។
ក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញថា ក្នុងការដ្ឋានសាងសង់ផ្លូវបេតុងក្នុងមូលដ្ឋាន ប្រសិនបើមានភ្លៀងធ្លាក់ ត្រូវតែមានតង់កៅស៊ូគ្របឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យប៉ះពាល់ ឬខូចគុណភាពបេតុង។ការធ្វើបែបនេះនឹងបង្កើនទំនុកចិត្ត និងទទួលបានការកោតសរសើរ សាទរពីសំណាក់ប្រជាពលរដ្ឋ ចំពោះសមត្ថភាព និងជំនាញពិតប្រាកដរបស់មន្ត្រីរាជការយើង។ ក្នុងនោះចំពោះការដោះស្រាយគ្រោះមហន្តរាយ ឬគ្រោះថ្នាក់ផ្សេងៗក្នុងស្រុកល្វាឯម នាពេលកន្លងមក មានភាពធូរស្រាលច្រើន ដោយសារតែមូលដ្ឋានមានប្រព័ន្ធផ្លូវហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងត្រូវបន្តខិតខំអប់រំ និងផ្សព្វផ្សាយជាប្រចាំអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការពារជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានចែករំលែកនូវទស្សនទានដឹកនាំដ៏មានអត្ថន័យថា៖«មេ» ត្រូវចេះគិតគូរ គ្រប់គ្រង ដឹកនាំ ចាត់ចែង និងប្រើប្រាស់មនុស្សតាមទេពកោសល្យ ដោយឈរលើអំណាច ឋានានុក្រម ច្បាប់ និងមនោសញ្ចេតនា ព្រមទាំងចេះតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងលើកទឹកចិត្ត។«មន្ត្រី» ត្រូវប្តេជ្ញាចិត្តកសាងស្នាដៃបន្សល់ទុកជាសមិទ្ធផល ដោយមិនត្រូវរង់ចាំ ព្រោះពេលវេលាមិនច្រើនទេ។ ភាពជាប្រធានអង្គភាពដែលមានសមត្ថភាពពិតប្រាកដ គឺស្ថិតនៅលើ «ការដឹកនាំមន្ត្រីគ្រប់រូបដែលមានស្រាប់ឱ្យសម្រេចបានជោគជ័យ» ហើយការដកដាក់មន្ត្រី គឺធ្វើឡើងចំពោះតែបុគ្គលដែលបំពានច្បាប់ប៉ុណ្ណោះ។ ការងារដែលឆ្លងកាត់ការគិតច្រើន ស្តាប់ច្រើន និងពិភាក្សាច្រើន តែងតែទទួលបានផលល្អច្រើន។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវដល់ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ផ្តល់ការគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយ លោក ឃឹម សំភារ អភិបាលស្រុកថ្មី ដើម្បីរួមគ្នាកសាងស្រុកល្វាឯមឱ្យកាន់តែរីកចម្រើន និងការអភិវឌ្ឍន៍៕
























