ខេត្តកណ្តាល៖ ដើម្បីធានាបាននូវការអភិរក្សធនធានមច្ឆជាតិ និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចតំបន់អតីតឡូតិ៍នេសាទ ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា បានបញ្ជាក់ថា៖ ការចុះប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមសហការយ៉ាងសកម្មពីកម្លាំងកងរាជអាវុធហត្ថ កងកម្លាំងនគរបាលជាតិ មន្ត្រីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូប។ ក្នុងពេលចុះប្រតិបត្តិការនៅលើផ្ទៃទឹក កម្លាំងចម្រុះបានស្វែងរក និងរុះរើ បំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ដែលជនល្មើសបានលួចដាក់ដោយខុសច្បាប់ រួមមាន៖ស្បែមុងមាត់លូ ,របាំងស្បៃមុង,បង្គោលស្បៃមុងជាដើម។
ឯកឧត្តមបានបញ្ជាក់ទៀតថា៖ ប្រតិបត្តិការនេះ ធ្វើឡើងមិនមែនជាការបង្ក្រាបតែមួយគ្រានោះទេ ពោលគឺអាជ្ញាធរនឹងបន្តយុទ្ធនាការត្រួតពិនិត្យ និងចុះរុករកឧបករណ៍នេសាទខុសច្បាប់ជាប្រចាំដូចភ្លៀងរលឹម។
ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជានេសាទទាំងអស់ ឱ្យបញ្ឈប់រាល់សកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីថែរក្សា និងអភិរក្សពូជមច្ឆជាតិឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនល្មើសដែលនៅពីក្រោយខ្នងនៃការប្រព្រឹត្តបទល្មើសទាំងនេះ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕
សូមបញ្ជាក់ផងដែរថា៖ការចុះបង្ក្រាបបទល្មើសជលផល នៅចំណុចតំបន់អតីតឡូតិ៍នេសាទ ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះធំ ក្រុងសំពៅពូន និងស្រុកលើកដែក ក្នុងនោះ ១.ក្រុងសំពៅពូន ប្រមូលស្បៃមុងមាត់លូបាន ៤៥មាត់លូ ,របាំងស្បៃមុងបាន ២៥០០ម៉ែត្ត បង្គោលស្បៃមុងបាន ៨៣៣ដើម និងព្រលែងត្រីចំរុះ បានចំនួន ២៥០គីឡូក្រាម
២.ស្រុកកោះធំ ប្រមូល ស្បៃមុងមាត់លូបាន ៤៤មាត់លូ ,របាំងស្បៃមុងបាន ៥៤៥០ម៉ែត្រ,បង្គោលស្បៃមុងបាន ១៩៥០ដើម និង ព្រលែងត្រីចំរុះបាន ១៥០គីឡូក្រាម
៣.ស្រុកលើកដែក ប្រមូលស្បៃមុងមាត់លូបាន ៦៧មាត់លូ,របាំងស្បៃមុងបាន ១២៨៥០ម៉ែត្រ បង្គោលស្បៃមុងបាន ៤៤០០ដើម និងព្រលែងត្រីចំរុះបាន២៧០គីឡូ ក្នុងនោះប្រជានេសាទបានរុះរើដោយខ្លួនឯងចំនួន ១២គ្រួសារ លូស្បៃម៉ុង ១២មាត់លូ រប៉ាំងស្បៃម៉ុង ៣៦០ម៉ែត្រ។ ចំពោះឧបករណ៍ និងសម្ភារៈបទល្មើសនេសាទខុសច្បាប់ដែលបានរឹបអូសបាន ក្រុមការងារបានដុតបំផ្លាញចោលនៅហ្នឹងកន្លែង ចំពោះទីតាំងរបាំងលូស្បៃមុងមួយចំនួនទៀតដែលនៅសេសសល់ក្រុមការងារនឹងបន្តបង្ក្រាបប្រមូលនូវឧបករណ៍ សម្ភារៈនេសាទខុសច្បាប់ទាំងនោះ ដើម្បីធ្វើការដុតបំផ្លាញចោលតាមគោលការណ៍ណែនាំរបស់ឯកឧត្តម អភិបាលខេត្ត ដើម្បីឱ្យអស់ពីក្នុងមូលដ្ឋាន៕























