ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ដោយមានការសហការពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកមេឃុំ និងនគរបាលប៉ុស្តិ៍ បានចុះត្រួតពិនិត្យទីតាំងផ្ទះសំណាក់ បូទិក ខារ៉ាអូខេ (KTV) និងអាហារដ្ឋាន សរុបចំនួន ៤ ទីតាំង ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងនោះ ទីតាំងចំនួន ៣ ស្ថិតនៅភូមិត្រពាំងសង្កែខាងត្បូង ឃុំកន្ទួត និងទីតាំងចំនួន ១ ស្ថិតនៅភូមិស្រអែមជើង ឃុំស្រអែម។
ការចុះត្រួតពិនិត្យនេះ មានគោលបំណងបង្ការ ទប់ស្កាត់ និងបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងអាជីវកម្ម ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ ក្រុមការងារបានជំរុញឱ្យម្ចាស់អាជីវកម្មចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដោយត្រូវអនុវត្តតាមច្បាប់ និងរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើមានសកម្មភាពគួរឱ្យសង្ស័យ ឬពាក់ព័ន្ធនឹងបទល្មើស។
រដ្ឋបាលស្រុកជាំក្សាន្ត បន្តយកចិត្តទុកដាក់ក្នុងការសហការជាមួយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ សំដៅធានាសុខសុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ៕
រាយការណ៍ដោយ លោក ខៀវ ផល្លា ពីខេត្តព្រះវិហារ























