ខេត្តព្រះវិហារ៖ រដ្ឋបាលស្រុកចំនួន៣ រួមមាន ស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកគូលែន នៃខេត្តព្រះវិហារ បាននិងកំពុងចាប់ដៃគ្នាជាមួយមន្ត្រីជំនាញបរិស្ថាន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះល្បាតតាមដានសកម្មភាពហ្វូងដំរីព្រៃចំនួន ៦ក្បាលយ៉ាងយកចិត្តទុកដាក់ និងបង្កើនការផ្សព្វផ្សាយពីវិធានការសុវត្ថិភាពជាបន្ទាន់ ក្រោយពីហ្វូងដំរីទាំងនោះបានវាយប្រហារលើប្រជាពលរដ្ឋ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស។
លោក ប៉ែន ជឹង អភិបាលស្រុកគូលែន បានឱ្យដឹងថា កម្លាំងចម្រុះបានបើកប្រតិបត្តិការចុះល្បាតរួមគ្នា ចាប់ពីចំណុចស្ពានតាកឹង រហូតដល់ចំណុចក្រសាំងជ្រុំ។ ជាលទ្ធផល ក្រុមការងារបានប្រទះឃើញហ្វូងដំរីព្រៃចំនួន ៦ក្បាល (ក្នុងនោះមានកូនតូច ១ក្បាល) កំពុងមានវត្តមាននៅត្រង់ចំណុចក្រសាំងជ្រុំ ស្ថិតក្នុងភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។
ទន្ទឹមនឹងនេះដែរ លោក ឃិន រស្មី អភិបាលស្រុកត្បែងមានជ័យ បានបញ្ជាក់ថា អាជ្ញាធរបានរៀបចំ និងដំឡើងស្លាកសញ្ញាបម្រាមអាសន្ននៅតាមតំបន់ដែលហ្វូងដំរីធ្លាប់ឆ្លងកាត់ ឬធ្វើជម្រក ដើម្បីប្រកាសអាសន្ន និងការពារសុវត្ថិភាពជូនបងប្អូនប្រជាកសិករ។ លើសពីនេះ លោកក៏បានដឹកជញ្ជូនសម្ភារៈចាំបាច់ ដូចជា ប្រេងម៉ាស៊ីន និងម្ទេសបុក យកទៅដាក់ពង្រាយនៅតាមចំណុចហានិភ័យផងដែរ។
ដោយឡែក លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ក៏បានចាត់តាំងក្រុមការងាររដ្ឋបាលឃុំយាង សហការជាមួយមន្ត្រីបរិស្ថាន ចុះតាមដានសភាពការណ៍ និងអប់រំណែនាំប្រជាពលរដ្ឋឱ្យចេះការពារខ្លួន ដោយប្រើប្រាស់វិធីសាស្ត្របុរាណ ដូចជាការបុកម្ទេស និងខ្ទឹមស ដាក់នៅមុខរោង ឬផ្ទះ ដោយសារដំរីព្រៃមានទម្លាប់ខ្លាចក្លិនសារធាតុទាំងនេះ។
ស្របពេលជាមួយគ្នានេះ ក្រុមការងារចម្រុះបានចុះអប់រំ និងណែនាំដោយផ្ទាល់ដល់ប្រជានេសាទ និងប្រជាកសិករដែលកំពុងអាស្រ័យផលក្នុងតំបន់ជម្រកដំរី ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត និងប្រញាប់ចាកចេញពីទីតាំងដែលមានហានិភ័យជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត។
យោងតាមការបញ្ជាក់បន្ថែមពីអាជ្ញាធរមូលដ្ឋាន ហ្វូងដំរីទាំង ៦ក្បាលនេះ គឺជាក្រុមដំរីតែមួយដែលធ្លាប់បានចូលមកស្វែងរកចំណីក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ កាលពីខែមុន។
បច្ចុប្បន្ន ក្រុមការងារបានដាក់បណ្តាញតាមដានសកម្មភាពហ្វូងដំរីនេះយ៉ាងយកចិត្តទុកដាក់ ២៤ម៉ោង លើ ២៤ម៉ោង។ គិតត្រឹមម៉ោង ៦:០០ ល្ងាចថ្ងៃដដែល ហ្វូងដំរីបានធ្វើដំណើរចាកចេញពីទីតាំងក្រសាំងជ្រុំ តាមដងស្ទឹងឆ្ពោះមកប្របស្ទឹងសែន មកដល់តំបន់ «ពាមអារាជ» និងកំពុងបន្តដំណើរចុះទៅទិសខាងកើតបន្ថែមទៀត៕























