ព្រះវិហារ៖ ហេតុការណ៍ដ៏រន្ធត់ និងគួរឱ្យសង្វេគមួយបានកើតឡើង ដោយសារហ្វូងដំរីព្រៃប្រមាណ ៥ ទៅ ៦ក្បាល បានចុះមកវាយកម្ទេចរោងតង់កៅស៊ូ និងជាន់ប្រជាពលរដ្ឋដែលកំពុងសម្រាកលង់លក់ បណ្តាលឱ្យកុមារាម្នាក់អាយុ ១១ឆ្នាំ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលស្ត្រីជាម្តាយបានរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍ចៃដន្យនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ២០:១០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅចំណុចកញ្ចាំង ស្ថិតក្នុងភូមិសាស្ត្រឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទាំង ២នាក់ ម្តាយ និងកូន មានអាសយដ្ឋានរស់នៅក្នុងភូមិដំណាក់កន្ទួត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ រួមមាន៖
១. ឈ្មោះ មុំ សុខហេង ភេទប្រុស អាយុ ១១ឆ្នាំ (ជាសិស្ស) បានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវ ពេលកំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់។
២. ឈ្មោះ ធិន ជិត ភេទស្រី អាយុ ៤៩ឆ្នាំ (ត្រូវជាម្តាយ) រងរបួសធ្ងន់ធ្ងរ ត្រូវបានដកស្រង់ចេញពីកន្លែងកើតហេតុជាប្រញាប់ ដើម្បីបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពតាកឹង រួចបន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារ។
យោងតាមការរៀបរាប់ពី លោក មុត មូល អាយុ ៤០ឆ្នាំ ដែលជាអ្នករួមដំណើរទៅរកត្រី និងបានដេកនៅក្នុងរោងជាមួយគ្នា បានប្រាប់ឱ្យដឹងថា៖ នៅមុនពេលកើតហេតុ ពួកគាត់មានគ្នាសរុបចំនួន ៥នាក់ (រួមមានរូបលោក កូនរបស់លោក ប្តីប្រពន្ធជនរងគ្រោះ និងកូនប្រុសដែលស្លាប់) បានធ្វើដំណើរទៅបោះបង្គោលជ្រកតង់កៅស៊ូ និងដាក់ប៉ោងដើម្បីរកត្រីនៅចំណុចកើតហេតុខាងលើ។
លោកបានបន្តថា ៖ «នៅវេលាម៉ោងប្រហែល ២០:១៥នាទីយប់ ខណៈពេលដែលពួកយើងកំពុងតែដេកលក់ ស្រាប់តែឮសំឡេងសត្វដំរីព្រៃប្រហែល ៥-៦ក្បាល ស្ទុះមកវាយដំបូលកៅស៊ូដែលពួកយើងកំពុងដេកឮសូរប្រាវ។ បន្តិចក្រោយមក ខ្ញុំក៏ឮសំឡេងអ្នកមីង ជិត ស្រែកឱ្យគេជួយយ៉ាងខ្លាំង។ ពេលខ្ញុំស្ទុះក្រោកឡើង ទើបឃើញអ្នកមីង និងកូនប្រុសរបស់គាត់ រងរបួសធ្ងន់ធ្ងរទៅហើយ ចំណែកឯរូបខ្ញុំ កូនខ្ញុំ និងប្តីរបស់អ្នកមីង មិនមានរងរបួសនោះទេ»។
តាមការសន្និដ្ឋានដំបូង មូលហេតុគឺមកពីហ្វូងដំរីព្រៃបានដើរកាត់តំបន់នោះ ហើយបានចូលទៅវាយប្រហារ និងជាន់កម្ទេចរោងតង់ដែលប្រជាពលរដ្ឋស្នាក់នៅ បណ្តាលឱ្យត្រូវចំមនុស្សដែលកំពុងដេកនៅខាងក្រោមរោងតែម្តង។
បច្ចុប្បន្ន សពកុមាររងគ្រោះត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈដែលម្តាយកំពុងស្ថិតក្រោមការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពេលចុះទៅរកស៊ី ឬស្នាក់នៅក្នុងព្រៃដែលជាដែនជម្រកសត្វព្រៃ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុបែបនេះ៕
























