ខេត្តតាកែវ៖ ប្រជាពលរដ្ឋ និងប្រជានេសាទលក្ខណៈគ្រួសារក្នុងស្រុកបុរីជលសា ខេត្តតាកែវ បានលើកឡើងពីក្តីបារម្ភយ៉ាងខ្លាំង និងស្នើសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ ជុំវិញបញ្ហាបទល្មើសនេសាទប្រើប្រាស់របាំងស្បៃមុង (ណររ៉ាវ ឬឈឹប) ក្រឡាញឹកខុសច្បាប់ ដែលកំពុងពង្រាយពេញផ្ទៃទឹកយ៉ាងអនាធិបតេយ្យ នៅចំពីមុខ និងក្រោយស្ថាប័នអាជ្ញាធរមូលដ្ឋាន។
ប្រភពពីប្រជាពលរដ្ឋបានទម្លាយថា ទោះបីជាស្ថិតក្នុងរដូវបិទនេសាទ និងមានការហាមឃាត់យ៉ាងណាក្តី ក៏បទល្មើសទាំងនេះនៅតែបន្តកើតមានយ៉ាងរលូន ដោយសារមានការឃុបឃិត និងការរត់ការបង់សួយសារពីសំណាក់បុគ្គលម្នាក់ឈ្មោះ សុខ ឡេះ ដែលត្រូវបានគេរាយការណ៍ថាជាខ្នងបង្អែក និងជាអ្នកសម្របសម្រួលជាមួយសមត្ថកិច្ចជំនាញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ទាំងក្នុងស្រុកបុរីជលសា ស្រុកកោះអណ្តែត និងស្រុកអង្គរបូរី។
ភាពអសកម្ម និងការបិទភ្នែកបិទត្រចៀកពីសំណាក់មន្ត្រីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរដែនដី បានធ្វើឱ្យមហន្តរាយដល់កូនមច្ឆជាតិគ្រប់ប្រភេទ ប្រឈមនឹងការវិនាសហិនហោច និងបាត់បង់ពូជជាបណ្តើរៗ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ និងមហាជនទូទៅ កំពុងដាក់ក្តីសង្ឃឹមយ៉ាងមុតមាំលើ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល, លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាចាត់វិធានការចុះស្រាវជ្រាវ និងបង្ក្រាបជាបន្ទាន់ ដើម្បីទប់ស្កាត់អំពើពុករលួយ និងការពារធនធានធម្មជាតិនៅមូលដ្ឋាននេះឱ្យបានគង់វង្ស៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ គោលបំណង់ចូលរួមក្នុងការថែរក្សាសម្បត្តិរធម្មជាតិតែប៉ុណ្ណុះ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕សូមអគុណ!























