បាត់ដំបង៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់ក្រសួងចំនួន៤ ឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងកសិករដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ដើម្បីស្ដារជីវភាពរបស់ពួកគាត់ឡើងវិញ។
ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី បានធ្វើឡើងក្នុងឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង។
សម្ដេចនាយករដ្ឋមន្ត្រី បានទទួលជ្រាបយ៉ាងច្បាស់ពីផលប៉ះពាល់ និងព្យសនកម្មនានាដែលបង្កឡើងដោយគ្រោះទឹកជំនន់ ដោយឡែកសម្រាប់ខេត្តបាត់ដំបង មានផ្ទៃដីកសិកម្មរងផលប៉ះពាល់ច្រើនជាងគេរហូតដល់ជាង ១៥ម៉ឺនហិកតា។
ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ពិសេសគឺកសិករដែលខូចខាតដំណាំទាំងស្រុង សម្ដេច បានណែនាំដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។
ទន្ទឹមនឹងការដាំដុះឡើងវិញដែលមិនអាចខ្វះបាននូវប្រព័ន្ធធារាសាស្ត្រ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ ក្រសួងធនធានទឹក និងឧតុនិយម ឱ្យរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «មានអ៊ំម្នាក់ប្រាប់ថា ខែប្រាំងវាអត់ទឹក ដល់តែទឹកមកវាច្រើនពេក តែចាប់ពីនេះទៅខាងមុខ ប្រយ័ត្នអត់ទឹកប្រើវិញ ដោយសារបាតុភូតអ៊ែលនីណូ។ ឥឡូវពិភពលោកកំពុងត្រៀមលក្ខណៈលើការគ្រប់គ្រងការប្រើប្រាស់ទឹកឱ្យបានល្អ កុំឱ្យពេលនេះសម្បូរទឹក ដល់ចុងរដូវអស់ទឹកប្រើបាត់»។
ដោយឡែក ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាត ជាពិសេសផ្លូវថ្នល់ សម្ដេចបវរធិបតី បានណែនាំដល់ ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យចុះពិនិត្យ ជួសជុល និងស្តារឡើងវិញនូវរាល់ខ្សែផ្លូវដែលបានខូចខាត និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវជនបទឱ្យមានភាពរឹងមាំជាប់បានយូរ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ៕























