ភ្នំពេញ៖វគ្គបណ្ដុះបណ្តាលស្ដីពី«ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់អ្នកសារព័ត៌មាន»រយៈ៣ថ្ងៃ ដែលរៀបចំដោយក្រសួងព័ត៌មាន ត្រូវបានបិទបញ្ចប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នារលៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅសាលមណ្ឌលបណ្ដុះបណ្ដាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្ដីការក្រសួងព័ត៌មាន។
ពិធីបិទវគ្គបណ្ដុះបណ្ដាលនាពេលនេះ មានការចូលរួម ពីសំណាក់ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកគ្រូបង្គោល និងសិក្ខាកាម ដែលជាមន្ត្រីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនផងដែរ។
ក្នុងមតិផ្ដាំផ្ញើ ឯកឧត្ដម រដ្ឋមន្ត្រី បានលើកយកចំណុចសំខាន់ៗចំនួន១០ ដើម្បីអោយអ្នកសារព័ត៌មានគួរតែចងចាំ៖
១.ខ្លឹមសារច្បាប់ដែលពាក់ពន្ធ័ និងវិជ្ជាជីវៈ ត្រូវយល់ដឹងអំពីច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន ក្រមព្រហ្មទណ្ឌ និងបទបញ្ញាត្តិពាក់ពន្ធ័ មិនត្រូវរងចាំរហូតមានបណ្ដឹងទើបស្វែងរកការយល់ច្បាប់នោះទេ។
២.រៀបចំផែនការមុនចុះយកព័ត៌មាន ត្រូវកំណត់គោលបំណងប្រភពព័ត៌មាន សំនួរសំខាន់ៗ និងហានិភ័យដែលអាចកើតឡើង។
៣.ត្រូវរក្សាទុកភស្តុតាង និងឯកសារដើម ត្រូវទុកឯកសារកំណត់ត្រា សម្លេងរូបភាពវីដេអូ និងព័ត៌មានពាក់ពន្ធ័ដោយគោរព ទិន្នន័យ និងការសម្ងាត់របស់ប្រភព។
៤.ផ្ទៀងផ្ទាត់ព័ត៌មានមុនពេលចេញផ្សាយ មិនត្រូវយកពាក្យចចាមអារាម ឬការបង្ហោះតាមបណ្ដាញសង្គម មកធ្វើជាមូលដ្ឋានគ្រប់គ្រាន់សម្រាប់ការចោទប្រកាន់នោះទេ។
៥.ផ្ដល់ឱកាសឲ្យភាគីពាក់ព័ន្ធបំភ្លឺ ត្រូវព្យាយាមទាក់ទង និងប្រឹងប្រែងការឆ្លើយតប ដោយត្រឹមត្រូវ។
៦.ប្រើភាសាត្រឹមត្រូវ និងចំណងជើងមិនបំភ្លៃ ត្រូវបែងចែកការចោទប្រកាន់ ការស៊ើបអង្កេត និងសេចក្ដីសម្រេចរបស់តុលាការ។
៧.គោរពសិទ្ធឯកជនភាព និងសេចក្ដីថ្លៃថ្នូរ ជាពិសេសចំពោះកុមារ ជនរងគ្រោះ និងបុគ្គលស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះ។
៨.មិនប្រើវិជ្ជាជីវៈដើម្បីកំហែងទា ឬក៏ទាមទាផលប្រយោជន៍ ត្រូវរក្សាឯករាជភាព នឹងភាពស្មោះត្រង់។
៩. ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន ចាត់ទុក ជាត្រីវិស័យ។
១០.សេរីភាពព័ត៌មាន គឺត្រូវនឹងការទទួលខុសត្រូវច្បាប់ គឺដើរទន្ទឹមគ្នា។
ទីបញ្ចប់ ឯកឧត្ដម រដ្ឋមន្ត្រី បានជូនលិខិតថ្លែងអំណរគុណ ដល់គ្រូឧទ្ទេស ដែលបានផ្តល់វិញ្ញាបនប័ត្រ បញ្ជាក់ការសិក្សាដល់សិក្ខាកាម នឹងថតរូបអានុស្សាវរីយ៍។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅ សាលចតុម្មុខមង្គល ជាន់ទី១២ នៃទីស្តីការក្រសួងព័ត៌មាន៕























