ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ក្នុងគោលបំណងបើកឱកាសទទួលយកនូវរាល់កង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីយកមកពិភាក្សា និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ពិធីនេះបានប្រព្រឹត្តិទៅយ៉ាងអធិកអធមនៅក្នុងបរិវេណវត្តឈ្នួន ស្ថិតក្នុងភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ថ្នាក់មូលដ្ឋាននេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាលរងស្រុករវៀង, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺជាយន្តការប្រជាធិបតេយ្យយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងពង្រឹងតម្លាភាពនៃការដឹកនាំនៅថ្នាក់ក្រោមជាតិ។
តាមរយៈវេទិកានេះ ប្រជាពលរដ្ឋក្នុងឃុំរួសរាន់ ក៏ដូចជាស្រុករវៀងទាំងមូល បានលើកឡើងដោយផ្ទាល់នូវបញ្ហាប្រឈម ផ្នែកហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ សន្តិសុខសុវត្ថិភាព និងជីវភាពរស់នៅ ជូនដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធ ដើម្បីឆ្លើយតប ដោះស្រាយ និងកំណត់ទិសដៅអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕
រាយការណ៍ ដោយលោក ខៀវ ផល្លា ពីខេត្តព្រះវិហារ























