ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់អស់២,៣០០លានដុល្លារសហអាមេរិក ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ បិតាសន្តិភាព និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ពិធីសម្ពោធសមិទ្ធផលនៃឈាមអ្នកបន្ដវេន ក្រោមម្លប់សុខសន្ដិភាពនាពេលនេះ មានការចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល, ក្រសួង-ស្ថាប័ន តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ រដ្ឋបាលថ្នាក់ ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រមាណ១៥០០នាក់។
នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងការរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូប នៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសុខសន្តិភាព និងជាកម្លាំងចលករដ៏សំខាន់ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់ព្រះរាជាណាចក្រកម្ពុជា ជាសកល និងទូទាំងប្រទេស។
ការសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោនេះ ក៏មានការចូលរួមពីក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើនដូចជា ក្រុមហ៊ុនអង់គ្លេស Foster & Partners ស្ថាបត្យករនៃស្ថានីយ៍អ្នកដំណើរ, ក្រុមហ៊ុនកាណាដា ATKINS ដែលជាទីប្រឹក្សាបច្ចេកទេស (Consultant) រៀបចំផែនការដើម (Conceptual Plan), ក្រុមហ៊ុនហូឡង់ NACO ដែលជាអ្នករៀបចំផែនការម (Master Planer), ក្រុមហ៊ុនកូរ៉េខាងត្បូង Heerim Architects & Planners ដែលជាទីប្រឹក្សាបច្ចេកទេសផ្នែក គ្រប់គ្រងគម្រោងការ (Project Management Consultant) នៅពេលសាងសង់, ក្រុមហ៊ុនសឹង្ហបុរី Changi ដែលជាទីប្រឹក្សាបច្ចេកទេស (Consultant) លើផែនការអាជីវកម្ម ការរៀបចំទទួលវិញ្ញាបនបត្រីអាកាសចរណ៍ និង ORAT (Operational Readiness and Airport Transfer), ក្រុមហ៊ុនអង់គ្លេស RLB ជាអ្នកពិនិត្យវាស់វែង លើបរិមាណ (Quantity Surveyor), ក្រុមហ៊ុន China State Consultant Third Engineering Bureau Co., Ltd ដែលមកពីប្រទេសចិនជាក្រុមហ៊ុន សាងសង់ស្ថានីយ៍អ្នកដំណើរ ព្រមទាំងក្រុមហ៊ុនម៉ៅការ សាងសង់ និងផ្គត់ផ្គង់ ជាតិ និងអន្តរជាតិផ្សេងៗ ជាច្រើនទៀត។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០លានដុល្លារអាមេរិក និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ២,៦០០ (ពីរពាន់ប្រាំមួយរយ) ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២៦គីឡូម៉ែត្រពីចំណុចកណ្ដាលរាជធានីភ្នំពេញ ផ្អែកតាមកម្មវិធីការងារ ដោយចំណាយពេលសាងសង់ចំនួនជាង៥ឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្ដង់ដា អន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះ ហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព។
ការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានចែកចេញជា ៣ដំណាក់កាល៖
* ដំណាក់កាលទី១៖ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ សម្រាប់អ្នកដំណើរ១៥លាននាក់ ក្នុងមួយឆ្នាំ។ ទំហំការងារ សំខាន់ៗត្រូវ សាងសង់រួមមាន៖ ផ្លូវរត់ទីមួយ (1st Runway) បណ្តោយប្រវែង ៤,០០០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ, ផ្លូវបរស្របចំនួនពីរ (2 Parallel Taxiways), ចំណតអាកាសយាន ចំនួន៧៥ចំណត (75 Aircraft Parking Stands) ក្នុងនោះចំណតអាកាសយាន នៅជាប់អគារស្ថានីយ៍អ្នកដំណើរ ចំនួន៣២ចំណត (32 Contact Aircraft Parking Stands) និងចំណតអាកាសយាននៅឆ្ងាយពីអគារស្ថានីយ៍ អ្នកដំណើរចំនួន៤៣ចំណត (43 Remote Aircraft Parking Stands), អគារស្ថានីយ៍កណ្តាលអ្នកដំណើរ (Head house) មានកម្ពស់៥ជាន់ ដែលមានផ្ទៃក្រឡាសរុប ១៧៤,២៩៦ ម៉ែត្រក្រឡា និងអគារស្ថានីយ៍អ្នកដំណើរស្លាប ខាងស្តាំ ដែលមានផ្ទៃក្រឡាសរុបទំហំ៨១,២៥២ ម៉ែត្រក្រឡា។ អាកាសយានដ្ឋាន នេះក៏មានសមត្ថភាព (ចំណុះ) អាចផ្ទុក-ផ្ទេរទំនិញចេញ-ចូលតាមផ្លូវអាកាសបាន១៧៥,០០០តោន ក្នុង១ឆ្នាំ។
* ដំណាក់កាលទី២៖ ឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ នឹងចាប់ផ្ដើមដំណាក់កាលទី២ អាចទទួលអ្នកដំណើរ៣០លាននាក់ក្នុងមួយឆ្នាំ។ ទំហំការងារសំខាន់ៗដែលត្រូវសាងសង់ បន្ថែមរួមមាន៖ ផ្លូវរត់ទី២ (2nd Runway) បណ្តោយប្រវែង៤,០០០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ, ផ្លូវបរស្របចំនួនពីរ (2 Parallel Taxiways)។ ទំហំការងារ សំខាន់ៗ ដែលត្រូវសាងសង់បន្តបន្ថែមរួមមាន៖ អគារស្ថានីយ៍អ្នកដំណើរ ស្លាបខាងឆ្វេង និងចំណតអាកាសយានចំនួន ៧៥ចំណតបន្ថែមទៀត (ក្នុងនោះចំណតអាកាសយាននៅជាប់អគារស្ថានីយ៍អ្នកដំណើរ ចំនួន៣២ចំណត និងចំណតអាកាសយាននៅឆ្ងាយពីអគារស្ថានីយ៍អ្នកដំណើរ ចំនួន៤៣ចំណត ដែលសរុបរួមនឹងមានផ្លូវរត់ចំនួន២ និងចំណតអាកាសយានចំនួន១៤៤ចំណត និងមានសមត្ថភាព (ចំណុះ) អាចផ្ទុក ផ្ទេរទំនិញចេញ ចូលតាមផ្លូវអាកាសបាន៥២៧,០០០តោន ក្នុង១ឆ្នាំ។
* ដំណាក់កាលទី៣៖ ក្រោយឆ្នាំ២០៥០ សម្រាប់អ្នកដំណើរ ៥០លាននាក់ក្នុងមួយឆ្នាំ។ ទំហំការងារ ដែលត្រូវសាងសង់ថ្មមមាន ការសាងសង់ផ្លូវរត់ទីបី (3rd Runway), ការសាងសង់អគារស្ថានីយ៍អ្នកដំណើរថ្មីមួយបន្ថែមទៀត ស្របតាមតម្រូវការ និងកំណើនការដឹកជញ្ជូនតាមផ្លូវអាកាសនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានធ្លាប់បានអញ្ជើញចុះត្រួតពិនិត្យអាកាសយានដ្ឋានអន្ដរជាតិតេជោ ចំនួន២លើក ដោយបានផ្ដល់ការគាំទ្រ និងបានប្រសិទ្ធនាមជាផ្លូវការ មានឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិតេជោ» (TECHO INTERNATIONAL AIRPORT) ដែលមាន IATA កូដ៣អក្សរ «KTI» និង ICAO កូដ៤អក្សរ «VDTI»។
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញ «វិញ្ញាបនបត្រ អាកាសយានដ្ឋាន» (Airport Certificate) លេខៈ APC O5-1 ដល់ប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិតេជោ។ វិញ្ញាបនបត្រអាកាសយានដ្ឋាននេះ គឺជាឯកសារគតិយុត្តផ្លូវការ ដែលចេញដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីបញ្ជាក់ និងធានាថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F បានបំពេញលក្ខខណ្ឌ បច្ចេកទេស ស្របតាមស្តង់ដាសុវត្ថិភាព សន្តិសុខ និងបទប្បញ្ញត្តិបច្ចេកទេសអាកាសចរណ៍ស៊ីវិល នៃកម្ពុជា។
កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ អាកាសយានដ្ឋានអន្តរជាតិតេជោនេះ បានបើកប្រតិបត្តិការធ្វើអាជីវកម្ម និងទទួលជើងហោះហើរជាផ្លូវការ ប្រកបដោយជោគជ័យ ក្រោមអធិបតីភាពលោកបណញឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
គិតពីថ្ងៃដាក់ឲ្យដំណើរការ មកដល់ថ្ងៃនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានអ្នកដំណើរួចញ ចូល (ទ្វេរទិស) ជាមធ្យម១៥០,០០០នាក់/ថ្ងៃ និងជើងហោះហើរចេញ-ចូល (ទ្វេរទិស) ជាមធ្យម១៣០ជើង/ថ្ងៃ និងមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចេញ-ចូល (ទ្វេរទិស) ចំនួន២៩ក្រុមហ៊ុន (ក្រុមហ៊ុនអន្តរជាតិចំនួន២៥ និងក្រុមហ៊ុនក្នុងស្រុកចំនួន៤)។ យើងរំពឹងទុកថា កំណើនជើងហោះហើរ អ្នកដំណើរ និងក្រុមហ៊ុនអាកាសចរណ៍ នឹងមានការកើនឡើងជាលំដាប់នាពេលខាងមុខ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាតារារះថ្មីនេះ កំពុងពូនផ្តុំ និងក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា ទៅកាន់ពិភពលោកកាន់តែទូលាយ ហើយនឹងក្លាយជាជន្ទល់ដ៏រឹងមាំ សម្រាប់ទ្រទ្រង់ពហុវិស័យដឹកជញ្ជូន-ឡូជីស្ទីក ទេសចរណ៍ វិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូល៕នេះតាមការផ្សាត របស់Fresh News











![[English Below] សេចក្តីជូនដំណឹង កងរាជអាវុធហត្ថខេត្តសៀមរាប ស្តីពីការលើកពេលប្រារព្ធកម្មវិធី “រត់កម្សាន្ត (សាកល្បង) ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាបដោយសេរី”!](http://k-rathaaphiwatnews.com.kh/wp-content/uploads/2025/11/Screenshot_20251107_175736-120x90.jpg)


















