ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត=>ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល។=>ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!=>សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់
0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ដើម្បី​អប​អរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣ រួមមានការអបអរសាទរ​ខួប​៨០​ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី។

ក្នុងពិធីដែលបង្ហាញពីដំណើរចម្រើនលូតលាស់លើវិស័យសុខាភិបាលកើតចេញពីការប្រឹង​ប្រែងនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់​ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត រដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាច្រើនរូប។

វិស័យសុខាភិបាលកម្ពុជា បើទោះបីមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់មុនការឈាន​មក​ដល់នៃរបបកម្ពុជាប្រជាធិបតេយ្យយ៉ាងណាក្តី តែវិស័យនេះ ត្រូវបានបំផ្លាញចោល​ទាំង​ស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យសុខាភិបាល និងធនធានមនុស្សក្នុងវិស័យនេះ។ វិស័យសុខាភិបាល ត្រូវបានយកចិត្តទុកដាក់ស្រោច​ស្រង់ត្រឡប់មកវិញយ៉ាងលំបាកជាទីបំផុត ដោយមេដឹកនាំកម្ពុជា ជាពិសេសសម្តេច​តេជោ ហ៊ុន សែន បន្ទាប់ពីបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈាម និងទឹកភ្នែក។ ពិធីដែលធ្វើឡើងព្រមគ្នារហូតដល់ទៅ៣ បានបង្ហាញច្បាស់ពីការប្រទាក់​ក្រឡាគ្នានៃវឌ្ឍនភាពក្នុងវិស័យសុខាភិបាលមុនមានរបបកម្ពុជាប្រជាធិបតេយ្យ និង​ក្រោយ​របបនេះ ត្រូវបានផ្តួលរំលំ។

របាយការណ៍បានបង្ហាញថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលត្រូវបាន​បង្កើត​ឡើង​ដោយ ក្រឹត្យលេខ ១០៣​សន ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៦ ដោយមានឈ្មោះថា «សាលាមន្ត្រីសុខាភិបាល»។ បន្ទាប់មកបានប្តូរឈ្មោះជាបន្តបន្ទាប់ទៅជា «មហាវិទ្យា​ល័យវេជ្ជសាស្រ្ត និងវិទ្យាស្ថាន​ទន្តវទន​សាស្រ្ត» នៅចន្លោះឆ្នាំ១៩៧១ រហូតដល់​ឆ្នាំ១៩៧៥។

ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត មហាវិទ្យាល័យនេះត្រូវបានបោះបង់ចោល​ទាំង​ស្រុង។ ក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ មហាវិទ្យាល័យបានបើកទ្វារឡើងវិញ ដោយមានឈ្មោះថា មហាវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្ត នៅខែកុម្ភៈ ឆ្នាំ១៩៨០ និងប្តូរឈ្មោះជាមហាវិទ្យាល័យចម្រុះវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្រ្ត នៅចុ​ង​ឆ្នាំ១៩៨០។ នៅឆ្នាំ១៩៩៧ មហាវិទ្យាល័យនេះបានប្រែក្លាយជាសាកល​វិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល ក្រោយពីមានការច្របាច់បញ្ចូលគ្នារវាងមហាវិទ្យាល័យ​ចម្រុះ​វេជ្ជ​សាស្រ្ត ឱសថសាស្រ្ត និង ទន្តសាស្រ្ត និងសាលាកម្មាភិបាលសុខាភិបាលមជ្ឈឹម។

ចាប់ពីខែធ្នូ ឆ្នាំ២០០១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យសាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាលប្រែក្លាយជាគ្រឹះស្ថានសាធារណៈ​រដ្ឋបាល។ នៅក្នុងខែវិច្ឆិកា ឆ្នាំ​២០២៣ រាជរដ្ឋាភិបាល បានសម្រេចកែសម្រួលរចនាសម្ព័ន្ធសាកលវិទ្យាល័យវិទ្យា​សាស្រ្ត​សុខាភិបាលឡើងវិញ ដោយមាន ៩អង្គភាព ថ្នាក់ស្មើនាយកដ្ឋាន ក្នុងនោះ មាន​មហាវិទ្យាល័យចំនួន ៦មន្ទីរពេទ្យសាកលវិទ្យាល័យ ចំនួន១ មជ្ឈមណ្ឌលស្រាវជ្រាវ​សុខភាព​សាកលចំនួន១ និងអង្គភាពកិច្ចការទូទៅចំនួន១។

ឆ្នាំ២០២៦នេះ ជាខួបទី៨០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្រោយ​ពីបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខា​ភិបាល បានខិតខំប្រឹងប្រែងអភិវឌ្ឍឥតឈប់ឈរ ទាំងធនធានសាស្រ្តាចារ្យ គ្រូឧទេ្ទស អគារសិក្សា និងសម្ភារៈ បរិក្ខារសម្រាប់ការរៀន និងបង្រៀន។ ក្នុងអំឡុងប៉ុន្មានទសវត្សរ៍​ចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាព នៃការរៀន និងបង្រៀនរបស់​សាកល​វិទ្យាល័យត្រូវបានអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់ រួមមានជាអាទិ៍៖ ការជួសជុលកែ​លម្អ​អគារមួយចំនួន សាងសង់ថ្មីបន្ថែមនូវអគារសិក្សាថ្មីចំនួន៦អគារ ក្នុងនោះ អគារសិក្សា​ចំនួន០២ នឹងត្រូវសម្ភោធនៅថ្ងៃនេះ ព្រមទាំងកំពុងសាងសង់មន្ទីរពេទ្យសាកល​វិទ្យា​ល័យ អាចផ្តល់សេវាសម្រាកព្យាបាលចំនួន ២០០គ្រែ ដែលគ្រោងនឹងចាប់ផ្តើមដំណើរ​ការ​នៅក្នុងឆ្នាំ២០២៧។ សាកលវិទ្យាល័យ ក៏គ្រោងនឹងសាងសង់អគារសិក្សាថ្មីបន្ថែម ក្នុង​ឆ្នាំ២០២៧ ចំនួន១ អគារបន្ថែមទៀត។ ទន្ទឹមនឹងនេះសាកលវិទ្យាល័យ​បានបំពាក់​ឧបករណ៍វេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្តទំនើបៗបែបឌីជីថលសម្រាប់​ការរៀន និង​បង្រៀន ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ចាំបាច់សម្រាប់ការអប់រំក្នុង​វិស័យ​សុខា​ភិ​បាលក្នុងសតវត្សទី២១។

អគារសិក្សា ដែលត្រូវនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ មានចំនួន២ អគារ នៅ​ទីតាំងទី១ ត្រូវបានប្រសិទ្ធនាមថា «អគារតេជោធិបតីសន្តិភាព» និងនៅទីតាំងទី២ ត្រូវ​បាន​ប្រសិទ្ធនាមថា «អគារតេជោធិបតីអភិវឌ្ឍន៍» ដើម្បីជាការរំលឹកគុណដល់សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេច​មហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានគុណូបការៈនាំមកនូវសន្តិភាព និងភាពជឿន​លឿនជូនប្រទេសជាតិ និងជាពិសេសបានដាក់ឱ្យមានយុទ្ធសាស្រ្ត «ស្លឹកត្នោតខ្ចប់​ស្ករ​ត្នោត» ដែលបានផ្តល់ភាពរីកចម្រើនយ៉ាងច្រើនដល់សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខា​ភិបាល មកដល់ពេលបច្ចុប្បន្ននេះ។

អាគារសិក្សាទាំងពីរនេះ ប្រើប្រាស់ថវិកាសរុបចំនួនជាង ៥៧ពាន់លានរៀល ស្មើនឹង​ជាង ១៤លានដុល្លារអាមេរិក មានកម្ពស់៨ជាន់ដូចគ្នា។ «អគារតេជោធិបតីសន្តិភាព» មានទំហំផ្ទៃក្រឡាសរុបជាង១៤ពាន់ម៉ែតក្រឡា មានបន្ទប់ចំនួន ៩២បន្ទប់។ ក្នុង​នោះ​មា​នថ្នាក់រៀន និងបន្ទប់មន្ទីរពិសោធន៍អនុវត្តបង្ហាញត្រាប់ចំនួន ៤៧បន្ទប់ បន្ទប់ការិយា​ល័យ​ចំនួន ២២បន្ទប់ សហសាលដែលអាចទទួលអ្នកចូលរួមប្រមាណ ៥០០នាក់ ចំនួន ១បន្ទប់ និងបន្ទប់ផ្សេងៗទៀតចំនួន ២២បន្ទប់។

ដោយឡែក «អគារតេជោធិបតីអភិវឌ្ឍន៍» មានទំហំផ្ទៃក្រឡាសរុបជិត១៥ពាន់​ម៉ែត្រ​ក្រឡា មានបន្ទប់ចំនួន ៤៦បន្ទប់ ដែលក្នុងនោះមានថ្នាក់រៀន និងបន្ទប់មន្ទីរពិសោធន៍​អនុវត្តបង្ហាញត្រាប់ ចំនួន ៣៤បន្ទប់ បន្ទប់ការិយាល័យចំនួន ៧បន្ទប់ សហសាលដែល​អាចទទួលអ្នកចូលរួមប្រមាណ ៥០០នាក់ ចំនួន ១បន្ទប់ និងបន្ទប់ផ្សេងៗទៀតចំនួន ៤ បន្ទប់។

គិតត្រឹមខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានគណៈគ្រប់​គ្រង មន្រ្តីរាជការ បុគ្គលិកកិច្ចសន្យា សាស្ត្រាចារ្យ និងគ្រូសរុបចំនួន ១ ៤៧៧នាក់ ( នារី ៤៧៦នាក់ ) ក្នុងនោះ បានចែកចេញជាក្រុមប្រឹក្សាភិបាលចំនួន ៧នាក់ ជាបុរស គណៈគ្រប់គ្រង មន្ត្រី បុគ្គលិក សាស្ត្រាចារ្យ និងគ្រូបំពេញការងារនៅសាកលវិទ្យាល័យ ចំនួន ៣៤១នាក់ នារី ១៨៤នាក់ សាស្ត្រាចារ្យ គ្រូអញ្ជើញមកពីមន្ទីរពេទ្យនានាឱ្យ​មក​បង្រៀននៅសាកលវិទ្យាល័យមានចំនួន ១ ០៥៩នាក់ (នារី ២៦០នាក់ ) និងសាស្ត្រា​ចារ្យជំនាញការបរទេសចំនួន ៧០នាក់ (នារី ៣២នាក់)។

គិតចាប់ពីឆ្នាំ១៩៨០ មកដល់ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យបានផលិតធនធាន​មនុស្សក្នុងវិស័យសុខាភិបាល សរុបចំនួន ៣៤ ៦៣៣នាក់។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃក្រសួងសុខាភិបាលភាគច្រើន គឺបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាលនេះ។

ដោយឡែកនិស្សិតដែលត្រូវចូលរួមទទួលសញ្ញាបត្រនាថ្ងៃនេះ មានចំនួន ២ ៤៤០នាក់ ចែកជា៤៤ប្រភេទ រួមមានវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក, វេជ្ជបណ្ឌិតឯកទេសបេះដូងវិទ្យា, វេជ្ជបណ្ឌិត​ឯក​ទេស​សល្យសាស្ត្រទូទៅ, វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺក្រពេញ,វេជ្ជ​បណ្ឌិត​ឯកទេស ជំងឺថ្លើម ក្រពះ ពោះវៀន, វេជ្ជបណ្ឌិតឯកទេស សម្ភព និងរោគស្រ្តី, វេជ្ជ​បណ្ឌិតឯកទេសវិទ្យុសាស្រ្ត និងរូបភាពវេជ្ជសាស្ត្រ, វេជ្ជបណ្ឌិតឯកទេសវេជ្ជសាស្ត្រទូទៅ, វេជ្ជបណ្ឌិតឯកទេសចក្ខុរោគវិទ្យា, វេជ្ជបណ្ឌិតឯកទេសត្រចៀក ច្រមុះ បំពង់ក, វេជ្ជ​បណ្ឌិត​ឯកទេសវិជ្ជារោគកុមារ, វេជ្ជបណ្ឌិតឯកទេសជំងឺសួត, វេជ្ជបណ្ឌិតឯកទេស​វិកល​វិទ្យា, វេជ្ជបណ្ឌិតឯកទេសសល្យសាស្រ្តទូទៅ និងប្រព័ន្ធរំលាយអាហារ, វេជ្ជបណ្ឌិត​ឯក​ទេស​សល្យសាស្រ្តជំងឺឆ្អឹង និងបាក់បែក, វេជ្ជបណ្ឌិតឯកទេសសល្យសាស្ត្រកុមារ, វេជ្ជ​បណ្ឌិតឯកទេសសោភ័ណសល្យសាស្រ្ត, វេជ្ជបណ្ឌិតឯកទេស ប្រពោធនកម្ម ដាក់ថ្នាំ​សណ្តំ និងសង្រ្គោះបន្ទាន់, វេជ្ជបណ្ឌិតឯកទេសកាយវិភាគ និងកោសិការោគវិទ្យា,វេជ្ជ​បណ្ឌិតឯកទេសសល្យសាស្រ្តប្រព័ន្ធប្រសាទ, វេជ្ជបណ្ឌិតឯកទេសសល្យ​សាស្រ្ត​ប្រព័ន្ធ​​ទឹកម៉ូត្រ, វេជ្ជបណ្ឌិតឯកទេសជំងឺសើស្បែក, ឱសថបណ្ឌិតឯកទេសផ្នែកវេជ្ជជីវសាស្រ្ត,
ឱសថបណ្ឌិតឯកទេសផ្នែកឱសថ, បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវេជ្ជជីវសាស្រ្ត, បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែកស្បែក និងគ្រឿងសម្អាង, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពត់ធ្មេញ, សញ្ញាបត្រ​វេជ្ជបណ្ឌិត, ទន្តបណ្ឌិត, ឱសថការី, បរិញ្ញាបត្រ​គិលានុបដ្ឋាក-ឆ្មប, បរិញ្ញាបត្រគិ​លា​នុ​បដ្ឋាក, បរិញ្ញាបត្រឆ្មប, បរិញ្ញាបត្រគិលានុបដ្ឋាក, បរិញ្ញាបត្រឆ្មប, បរិញ្ញាបត្របច្ចេក​ទេស​មន្ទីរពិសោធន៍វេជ្ជសាស្រ្ត, បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក, បរិញ្ញាបត្រព្យាបាល​ដោយចលនា, បរិញ្ញាបត្រសុខភាពសាធារណៈ, បរិញ្ញាបត្ររងព្យាបាលដោយចលនា, បរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្ត្រ, បរិញ្ញាបត្ររងឆ្មប, បរិញ្ញាបត្ររងបច្ចេក​ទេសមន្ទីរ​ពិសោធន៍ និងបរិញ្ញាបត្ររងគិលានុបដ្ឋាក។

តាមរយៈការសិក្សាក្នុងចំណោមអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចាប់ពីឆ្នាំ២០២៣មកដល់ឆ្នាំ២០២៥ អត្រានិស្សិតមាន​ការធ្វើ ក្រោយបញ្ចប់ការសិក្សា មានចំនួន ៩៦,១៩ភាគរយ ដែលភាគច្រើនលើសលុប មានការងារក្នុងវិស័យសុខាភិបាល។

សូមបញ្ជាក់ថា នៅក្នុងអណត្តិទី៧ នៃរដ្ឋសភានេះ ក្រសួងសុខាភិបាល បានខិតខំយក​ចិត្ត​ទុក​ដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ទាំងមុនពេលបម្រើការ​ងារ និងក្នុងពេលបំពេញការងារ ដោយលើកកម្ពស់ជាប្រចាំគុណភាពបណ្តុះបណ្តាល​នៅ​គ្រប់គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្នុងវិស័យសុខាភិបាល។ ការធ្វើកំណែទម្រង់បណ្តុះបណ្តាល​ក្នុងវិស័យ​សុ​ខាភិបាល ដែលក្រសួងសុខាភិបាលកំពុង​ខិតខំ គឺផ្តោតលើការវាស់វែងតាមសមត្ថភាព និងលទ្ធផលជាក់ស្តែងរបស់និស្សិតបញ្ចប់ការសិក្សា ព្រមទាំងការពង្រឹងនូវគុណ​ធម៌​វិជ្ជា​ជីវៈខ្ពស់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!