ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានចែករំលែកទស្សនៈថា AI មិនមែនជាបច្ចេកវិទ្យាដែលបង្កើតឡើងមក ដើម្បីជំនួសមនុស្សនោះឡើយ ប៉ុន្ដែមនុស្សដែលចេះប្រើ AI មានប្រៀបជាងមនុស្សដែលមិនចេះប្រើ ខណៈអ្នកចេះប្រើបានទាញប្រយោជន៍ជាច្រើនអំពី AI និងបានក្លាយជាជំនួយការដ៏សំខាន់ក្នុងជួយសម្រួលការងារ។
ក្រៅពីកម្មវិធី AI ដែលបណ្ដាប្រទេសជឿនលឿនបង្កើតឡើងហើយនោះ នៅប្រទេសកម្ពុជា ក៏មានកម្មវិធី AI មួយផងដែរដែលជាការបង្កើតឡើងដោយស្នាដៃកូនខ្មែរ និងបានក្លាយជាឃ្លាំងស្ដុកទិន្នន័យដ៏មហាសាលឈ្មោះ Fresh AI។ Fresh AI បានដើរតួនាទីជាជំនួយការដ៏ចំណានដល់អ្នកប្រើប្រាស់ ព្រោះនៅក្នុងនោះមានទិន្នន័យជាច្រើន ហើយក៏មានមុខងារឆ្លាតវៃជាច្រើនទៀតផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ២៥៧៣អង្គ/នាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត, វិទ្យាសាស្ត្រទិន្នន័យ, ការវិភាគទិន្នន័យធំ, ក្លើដកុំព្យូធីង និងអ៊ីនធឺរណិត នៃវត្ថុកំពុងក្លាយជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសកល។ ក្រសួងអប់រំ យុវជន និង កីឡា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិត គឺជាឧបករណ៍ដ៏មានសក្តានុពល សម្រាប់បង្កើនគុណភាពនៃការរៀន និងការបង្រៀន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិត គឺជាឧបករណ៍ដ៏មានសក្តានុពល សម្រាប់បង្កើនគុណភាពនៃការរៀន និងការបង្រៀន។ បញ្ញាសិប្បនិម្មិត (AI) មិនមែនមកជំនួសមនុស្សទេ ប៉ុន្ដែមនុស្សដែលចេះប្រើបញ្ញាសិប្បនិម្មិត (AI) នឹងមានប្រៀបជាងមនុស្សដែលមិនចេះប្រើវា ដូច្នេះយើងត្រូវរៀនប្រើបច្ចេកវិទ្យា ដើម្បីពន្លឿនការស្វែងរកព័ត៌មាន និងការរៀបចំទិន្នន័យដើម្បីឈានទៅរកការវិភាគ វិនិច្ឆ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា»។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់នូវការណែនាំឲ្យយកចិត្តទុកដាក់លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងការអប់រំ ទាំងសាលា សាស្ដ្រាចារ្យ និងសិស្ស និស្សិត សុទ្ធតែមានជម្រើសក្នុងការប្រើប្រាស់ ប៉ុន្ដែមិនត្រូវប្រើប្រាស់ និងពឹងផ្អែកទាំងស្រុងលើ AI ដោយគ្មានការស្រាវជ្រាវបន្ថែមដោយខ្លួនឯងនោះឡើយ។ ខណៈរាជរដ្ឋាភិបាល គ្មានគោលការណ៍រារាំងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI នោះឡើយ តែត្រូវមានច្បាប់ និងគោលការណ៍ច្បាស់លាស់លើការគ្រប់គ្រង AI។
សូមជម្រាបថា សម្រាប់កម្មវិធី AI ដែលបង្កើតដោយខ្មែរឈ្មោះ Fresh AI គឺជាកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដំបូងបង្អស់នៅកម្ពុជា បាននិងកំពុងក្លាយជាកម្មវិធីមួយដ៏ពេញនិយម និងជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់ ព្រោះ Fresh AI មានទិន្នន័យជាច្រើនរាប់ពាន់លានពាក្យ ដែលអាចឲ្យអ្នកប្រើប្រាស់ស្វែងរក និងបំពេញតម្រូវការគ្រប់ពេល ហើយឆ្លើយតបបានយ៉ាងឆាប់រហ័ស។
Fresh AI ក៏មានផ្តល់នូវមុខងារចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដូចខាងក្រោម៖
1. មុខងារសួរ-ចម្លើយទូទៅ (AI Chat)
2. មុខងារច្បាប់ (Law)
3. មុខងារមើលព័ត៌មាន (Fresh News)
4. មុខងារស្វែងរកព័ត៌មានចាស់ៗ
5. មុខងារ Ev Zone ទីតាំងសាកឡានអគ្គិសនី
6. មុខងារ Gold & Exchange
7. មុខងារថតស្កេនរូបភាពទៅជាអក្សរ (Photo to Text)
8. មុខងារផ្ទៀងផ្ទាត់រូបភាព (Check Image)
9. មុខងារបំលែងរូបថតទៅជាអក្សរ (Image To Text)
10. មុខងារបំលែង PDF ទៅជាអក្សរ (PDF To Text)
11. មុខងារបំលែងវិដេអូទៅជាអក្សរ (Video To Text)
12. មុខងារពិនិត្យអក្ខរាវិរុទ្ធ (Spell Check)
13. ជំនួយការសរសេរព័ត៌មាន (Create Content)
14. ទាញយកវីដេអូពីបណ្តាញសង្គម (Download Video)៕
























