ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃអាទិត្យ ៨បរោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦នេះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំង លោក មិន ស៊ីថា អភិបាលរងខេត្ត, លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងលោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចុះចូលរួមកាន់បិណ្ឌវេនទី៨ យ៉ាងកុះករជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តសុវណ្ណគីរី (ហៅវត្តឆែប) ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងបរិយាកាសដ៏សទ្ធាជ្រះថ្លា និងប្រកបដោយភាពកក់ក្តៅ គណៈអធិបតី និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ បានរួមគ្នានាំយកនូវបច្ច័យ ទេយ្យទាន និងភោជនអាហារ វេរប្រគេនជូនដល់ព្រះសង្ឃ ព្រមទាំងបានប្រព្រឹត្តទៅនូវពិធីរាប់បាត្រតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
ពិធីបុណ្យកាន់បិណ្ឌនាឱកាសនេះ មិនត្រឹមតែជាការចូលរួមថែរក្សា និងលើកស្ទួយវប្បធម៌ប្រពៃណីជាតិដ៏ថ្លៃថ្លាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពេញកុសលផលបុណ្យ ដើម្បឧទ្ទិសជូនដល់៖
*បុព្វការីជន៖ មាតាបិតា ជីដូនជីតា និងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
*ចាស់ព្រឹទ្ធាចារ្យ៖ វិញ្ញាណក្ខន្ធចាស់ព្រឹទ្ធាចារ្យទាំងឡាយ ដែលបានតម្កល់អដ្ឋិធាតុនៅក្នុងទីវត្តអារាមមួយនេះ។
*វីរយុទ្ធជនពលី៖ វិញ្ញាណក្ខន្ធ វរៈកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ពលីជីវិតនៅលើសមរភូមិ ក្នុងបេសកកម្មបម្រើជាតិ និងការពារបូរណភាពទឹកដីនៃមាតុភូមិ។
ពិធីកាន់បិណ្ឌវេនទី៨នៅវត្តសុវណ្ណគីរី បានបញ្ចប់ទៅដោយបរិយាកាសរីករាយ សទ្ធាជ្រះថ្លាក្រៃលែង និងបានស្តែងឱ្យឃើញពីកម្លាំងសាមគ្គីភាពយ៉ាងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
រាយការណ៍ ដោយ លោក ខៀវ ផល្លា ពីខេត្តព្រះវិហារ
























