ខេត្តកណ្តាល៖ រសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តការងារប្រចាំឆមាសទី១ និងប្រចាំ ខែកក្កដា និងខែសីហា របស់អង្គភាពច្រកចេញចូលតែមួយ ខេត្តកណ្តាល ដើម្បីពង្រឹងការទទួលខុសត្រូវលើការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោកជំទាវអភិបាលរងខេត្ត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ដែលរួមគ្នាបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានបន្តលើកទឹកចិត្ត ដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ព្រមទាំង អង្គភាពពាក់ព័ន្ធ ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង សូមខិតខំធ្វើការងារ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ បានទាន់ពេលវេលា និងប្រកបដោយតម្លាភាព ប្រសិទ្ធភាព ។
លោកជំទាវអភិបាលរងខេត្ត បន្តថា៖ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកណ្តាល បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និង គណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាល ទាំង១៤វិស័យស្មើរនឹង៧០៥សេវា ដែលក្រសួង ស្ថាប័ន ថ្នាក់ជាតិបានប្រតិភូកម្មឱ្យមករដ្ឋបាលខេត្ត ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យនៅកន្លែងតែមួយ ក្នុងគោបំណងបង្ខិតសេវារដ្ឋបាលជិតប្រជាពលរដ្ឋបង្កលក្ខណៈ ងាយស្រួលក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា៖ លទ្ធផលដែលអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកណ្តាល សម្រេចបានរយៈពេល៨ខែ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០២៥ ចំនួនសេវា និងចំណូល មានដូចជា៖ នីត្យានីកូលកម្ម៦៥៦ សេវា, ការងាររដ្ឋបាល ៦៩សេវា, សុខាភិបាល៦,៧៣៣សេវា, ទេសចរណ៍៩៦សេវា, សាធារណការ និងដឹកជញ្ជូន១១,០៣០សេវា, វប្បធម៌ និងវិចិត្រសិល្បៈ ៣សេវា, ព័ត៌មាន ២៣៥សេវា, បរិស្ថាន៣០សេវា, ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២៤៣សេវា, រ៉ែ និងថាមពល៣៩សេវា, ពាណិជ្ជកម្ម ០សេវា, រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី៦,០៧៧សេវា, អនឡាញសេវាសុរិយោដី៧,១៧៩សេវា, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៦៨៨សេវា, ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ១៤សេវា, សរុប៣៣,០៩៣សេវា ចំណូលសរុប៦,៩៧៨,៣០៥,៩០០លានរៀល៕























