ទីតាំងឃ្លាំងរោងចក្រផលិតប្រភេទថ្នាំពណ៌ គ្មានឈ្មោះគ្មានផ្លាកយីហោមួយកន្លែង ស្ថិតនៅក្នុងទឹកដីភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ។
កន្លងមកសង្កេតឃើញថាមាន អាជ្ញាធរខណ្ឌ ក៏ដូចជាក្រុមមន្ត្រីជំនាញភូមិបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការវាស់វែង នឹង បាញ់ថ្នាំកំណត់ប្រវែងព្រំដីកម្មសិទ្ធ នឹង ប្រវែងដែលកំណត់ជាដីចំណីផ្លូវ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ព្រមទាំងបានចេញលិខិតជូនដំណឹង ប្រគល់ជូនម្ចាស់ទីតាំងដើម្បីធ្វើការរុះរើដោយខ្លួន នូវអ្វីដែលខ្លួនបានសាងសង់រំលោភបំពានលើដីចំណីផ្លូវសារធារណៈ ។
ក៏ប៉ុន្តែអ្វីដែលធ្វើអោយមហាជន ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅ ក្បែរទីតាំងឃ្លាំងរោងចក្រខាងលើនាំគ្នាឆ្ងល់ ថាកន្លែងខ្លះត្រូវបានម្ចាស់រុះរើដោយខ្លួនឯង ហើយកន្លែងខ្លះត្រូវបានអាជ្ញាធរដាក់កំលាំងរុះរើ ដោយឡែកទីតាំងឃ្លាំងរោងចក្រនេះ គឺនៅតែរក្សាការរំលោភបំពានលើដីចំណីផ្លូវសាធារណៈ បានដដែលខណៈរបងថ្មសង់ពីបេតុងរឹងមាំ នឹងសំយ៉ាបស័ង្កសី ត្រូវបានម្ចាស់សង់គ្របសឹងលើទ្រូងផ្លូវទៅហើយ បែរជាមិនទាន់ឃើញមានវិធានការរុះរើ ពីសំណាក់ម្ចាស់ទីតាំង រឺ អាជ្ញាធរមូលដ្ឋាននៅឡើយ ?
បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឃ្លាំងរោងចក្រខាងលើ កំពុងនាំគ្នារង់ចាំមើល ថាតើពេលណាទើបការរំលោភដីចំណីផ្លូវសារធារណៈ ពីសំណាក់ម្ចាស់ឃ្លាំងរោងចក្រមួយនេះ ត្រូវបានអាជ្ញាធរមូលដ្ឋានចាត់វិធានការ រុះរើចេញដើម្បីរំដោះយកដីចំណីផ្លូវ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ទុកសម្រាប់អោយសាធារណជនប្រើប្រាស់ជាផ្លូវថ្មើរជើង ? ព្រោះបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការនី ត្រូវការយកចិញ្ចែមផ្លូវធ្វើជាផ្លូវថ្មើរជើង ជាពិសេសកន្លែងទីតាំងខាងលើ តែងតែមានរថយន្ត នឹង ម៉ូតូកង់បី ឈប់ពីមុខនឹងយកទ្រូងផ្លូវធ្វើជាចំណតតែម្ដង ទាំងនេះគឺបង្កជាហានិភ័យខ្លាំងចំពោះអ្នកធ្វើដំណើរ ពិសេសគឺអ្នកថ្មើរជើងតែម្ដង ។
យើងសង្កេតឃើញថាករណីរំលោភបំពានលើដីចំណីផ្លូវសាធារណៈ នៅតំបន់ខាងលើគឺនៅតែកើតមានបន្ត ហាក់បីមិនខ្លាចចំណាត់ការរបស់លោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ ទាល់តែសោះ តាមបណ្តោយផ្លូវចំណុចប្រសព្វ សង្កាត់ចោមចៅ៣ សង្កាត់សំរោងក្រោម នឹងសង្កាត់កាកាប២ អ្នកស្ម័គ្រចិត្តអនុវត្តគោរពតាមច្បាប់នៅតែគោរព អ្នកមិនគោរពតាមច្បាប់នៅតែបន្តរំលោភបំពាន ដើម្បីប្រយោជន៍បុគ្គលខ្លួន សុខចិត្តរំលោភពទ្ធ័យកដីចំណីផ្លូវសារធារណៈ សម្រាប់អ្នកថ្មើរជើង ដើម្បីកាន់កាប់ជាកម្មសិទ្ធិផ្ដាច់មុខជាប្រយោជន៍បុគ្គល ។
សូមបញ្ជាក់ថា អាជ្ញាធរបានចេញសេចក្តីជូនដំណឹង នឹងម្ចាស់ទីតាំងបានធ្វើកិច្ចសន្យា រួចរាល់អស់រយៈជាយូរមកហើយ រហូតមកដល់ពេលនេះ គឺនៅដដែល មិនមានការរុះរើ៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ គោលបំណង់ចូលរួមក្នុងការថែរក្សាសម្បត្តិរដ្ឋតែប៉ុណ្ណុះ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ពីភាគីម្ចាស់ទីតាំង ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕សូមអគុណ!























