ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានណែនាំអភិបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព ការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគណនេយ្យភាព តម្លាភាព និងភាពរហ័សទាន់ចិត្ត។
ការណែនាំរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាឱកាសអញ្ជើញជាអធិបតីក្នុងការប្រកាសចូលកាន់មុខតំណែង លោក វឺ ថងរ័ក្ស ជាអភិបាលរងក្រុងប៉ោយប៉ែត ជំនួស លោក ហឿន វីរៈ ត្រូវបានផ្លាស់ប្តូរមុខតំណែង ពីអភិបាលរងក្រុងប៉ោយប៉ែត ទៅកាន់តំណែងជាអភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រ។ ពិធីប្រកាសចូលកាន់មុខតំណែងនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ រដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។
ដើម្បីឆ្លើយតបនូវសេចក្តីទុកចិត្ត លោក វឺ ថងរ័ក្ស អភិបាលរងក្រុងប៉ោយប៉ែត បានប្តេជ្ញាចិត្ត ៧ចំណុចសំខាន់ៗ ជាពិសេសប្តេជ្ញាអនុវត្តការងារ តាមឋានានុក្រម ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ សាមគ្គីភាព ឯកភាពជាមួយគ្រប់ អង្គភាពពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន និងប្តេជ្ញារគោរពយ៉ាងខ្ជាប់ខ្ជួន នូវអភិក្រមទាំង៥ របស់មន្ត្រី «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីលត់ដំខ្លួនឱ្យសក្តិសមជាមន្ត្រី ទទួលការជឿជាក់ពីប្រជាពលរដ្ឋ។
នាឱកាសនោះដែរ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លើកឡើងថា ការតែងតាំងមន្រ្តីរាជការ គឺជាដំណើរការប្រក្រតី សម្រាប់ដំណើរការគ្រប់គ្រងបុគ្គលិកបំពេញការងារប្រចាំថ្ងៃ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រង។
ឯកឧត្ដម អភិបាលខេត្ត បន្តថា យ៉ាងណាមិញការគ្រប់គ្រងមន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺត្រូវបានរាជរដ្ឋាភិបាលធ្វើប្រតិភូកម្មអំណាច មកឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក តាមរយៈអនុក្រឹត្យលេខ២៤០ អនក្រ.បក ឆ្នាំ២០១៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការបំពេញការងាររបស់មន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដែលកិច្ចការនេះ រដ្ឋបាលខេត្ត តែងតែបានយកចិត្តទុកដាក់អនុវត្តយ៉ាងសុក្រឹត្យ ដោយអនុលោមតាមបទដ្ឋានគតិយុត្តជាធរមានពោលគឺ ករណីតែងតាំងគឺត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរដែលត្រូវបំពេញ។
ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគណនេយ្យភាព តម្លាភាព និងភាពរហ័សទាន់ចិត្ត ជាពិសេសសេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាពលរដ្ឋ, ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រោះថ្នាក់ចរាចរ ជាពិសេស ត្រូវខិតខំអនុវត្តនូវគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត៕ ប្រភព ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
























