ខេត្តព្រះវិហារ៖ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ និងបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពតាកឹង ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រៀមលក្ខណៈក្នុងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញ ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផល និងប្រកបមុខរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ ក្រោយពេលដែលស្ថានភាពនៅតាមបណ្ដោយព្រំដែនមានភាពស្ងប់ស្ងាត់ និងមានសន្តិសុខល្អប្រសើរ។
ជាមួយនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការចរចា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងការដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅតាមបណ្ដោយព្រំដែន ដោយឈរលើគោលការណ៍សន្តិវិធី និងផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ដោយ ខៀវ ផល្លា























