ខេត្តកំពង់ស្ពឺ ÷ ប្រិយមិត្តជាទីរាប់អាន…! នេះមិនមែនជាករណី “ដុតឱ្យខ្លោចរោចឲ្យឆៅនោះទេ” ប៉ុន្តែវាជាការពិតខណៈមហាជនទូទៅ បានដឹងបានឮនិងបាននិយាយតៗគ្នាថា ការចរាចរណ៍បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែបន្តកើតមានជាប់ជាហូរហែ ហាក់ពុំមានការអន់ថយបន្តិចសោះឡើយ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តថា និងធ្វើលិខិតព្រមានដល់មន្ត្រីណា ដែលបណ្ដែតបណ្ដោយឲ្យមានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ក្នុងដែនសមត្ថកិច្ចខ្លួន និងពុំមានជាលើកទី០២ នោះទេ។
លើសពីនេះឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ចំពោះករណីបទល្មើសធនធានធម្មជាតិ លោកនិងឱ្យប្រធានមន្ទីររុក្ខប្រមាញ់និងនេសាទ ក៏ដូចជា ប្រធានមន្ទីរបរិស្ថានខេត្ត ត្រូវតែធ្វើការសិក្សាឲ្យបានច្បាស់លាស់ និងបានណែនាំដល់កងកម្លាំងនគរបាល អាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ឱ្យពិនិត្យមើលបញ្ហានេះឡើងវិញ ដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានដល់ថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ។
មួយអន្លើនៅថ្ងៃទី២៣ ខែកក្កដា ឆ្ន២០២៦ នេះ រដ្ឋបាលស្រុកឱរ៉ាល់ បានចេញសេចក្តីជូនដំណឹង និងអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋក្នុង និងក្រៅស្រុក បញ្ឈប់ជាបន្ទាន់រាល់សកម្មភាព ដុតធ្យូង កាប់អុសការ៉េ អុសម៉ែត្រ កាប់ឈើ ការដឹកជញ្ជូន និងធ្វើអាជីវកម្មធនធានធម្មជាតិព្រៃឈើនានា ការកាប់ទន្ទ្រានយកដីរដ្ឋ ក្នុងតំបន់ការពារ និងក្នុងតំបន់អភិរក្សធនធានធម្មជាតិ នៅក្នុងស្រុកឱរ៉ាល់ ។
ប៉ុន្តែបើទោះបីជាមានការចង្អុរបង្ហាញពីថ្នាក់ដឹកនាំ ធ្វើយ៉ាងណាយកចិត្តទុកដាក់ ចូលរួមថែរក្សា បង្ការ ទប់ស្កាត់ និងការពារធនធានធម្មជាតិ នៅក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះគេសង្កេតឃើញថា ភូមិសាស្ត្រស្រុកឱរ៉ាល់ នៅតែបន្តកើតមានការដុតធ្យូង ការដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងគំហ៊ុកជាដដែលៗ ហាក់គ្មានការថមថយបន្តិចសោះឡើយ។
ជាក់ស្តែងនៅយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦រំលងអាធ្រាតនេះ ឈើឃ្នៀប្រមាណជាងដប់ម៉ែត្រត្រីគុណ ត្រូវបានដឹកជញ្ជូនដោយគោយន្តកន្ត្រៃចំនួន០៣គ្រឿង ចេញពីភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាត់មុខដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្នាក់ការរងឧទ្យានុរក្សស្រែកិន ដែលមានលោក ចាន់ ជាប្រធានស្នាក់ការ បានយ៉ាងរលូនដោយពុំមានការទប់ស្កាត់និងបង្ក្រាបពីលោកប្រធានស្នាក់ការស្រែកិន និងមន្ត្រីដែលបានដាក់ស្នាក់ការចាំយាមឈរជើងនៅតំបន់នោះឡើយ បើទោះបីជាសំលេងគោយន្តកន្ត្រៃ លាន់ផ្អើលអស់ព្រៃព្រឹក្សា ស្ទើរបែកក្រដាសត្រចៀកយ៉ាងណាក៏ដោយ ក៏អស់លោកដេកគងថ្ងាស់ធ្វើមិនដឹងមិនឮទាល់តែសោះ ហាក់ដូចត្រូវសណ្ដំមន្តអាគមគាថា ពីក្រុមឈ្មួញ ។
តែជាអកុសល ការដឹកជញ្ជូននេះត្រូវបានបរាជ័យ និងបែកការទំលាក់ឈើពេញផ្លូវ ហួសស្នាក់ការប្រហែល៥០០ម៉ែត ដោយលោក តាន់ គឹមសួរ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ និងក្រុមការងារ ប្រទះឃើញ និងបានរាយការណ៍ទៅជំនាញ ដើម្បីធ្វើការទប់ស្កាត់ទាំងកណ្តាលយប់តែម្តង។
មហាជនបានលើកជាសំណួរទៅកាន់លោក ចាន់ ប្រធានស្នាក់ការស្រែកិនថា÷
១- ចំពោះការចរាចរណ៍ដឹកជញ្ជូនឈើចេញពីចំណុចទីតាំងខាងលើកាត់មុខស្នាក់ការនេះ តើលោកប្រធានបានជ្រាបនិងដឹងដែរឬទេ?
២- ប្រសិនបើលោកប្រធានមិនបានជ្រាប តើលោកប្រធានទៅណា? ចុះមន្ត្រីដែលនៅប្រចាំការក្នុងស្នាក់ការ បានដឹងដែរឬអត់?
– ដោយសារការដឹកជញ្ជូនឈើខាងលើនេះ មិនមែនអាចដាក់ក្នុងហោប៉ៅ និងវេចខ្ចប់ដាក់ក្នុងកេះ ដូចនំចំណីឯណា មួយវិញទៀត ការចរាចរណ៍នៅលើផ្លូវ មិនមែនហោះហើរលើអាកាស ឬក៏ជ្រែកដីបាននោះទេ!
មហាជនដែលស្រឡាញ់ធនធានធម្មជាតិរង់ចាំអ៊ុតមើល តើលោកប្រធានស្នាក់ការស្រែកិន អាចប្រឈមទៅនឹងច្បាប់ស្ដីពីក្រមបរិស្ថាន ដែរឬយ៉ាងណា ខណៈបទល្មើសចរាចរណ៍កាត់មុខស្នាក់ការរបស់ខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យដូច្នេះ។
ជុំវិញការចរាចរណ៍ដឹកឈើចេញពីដែនឧទ្យានុរៈស្នាក់ការស្រែកិន ខាងលើនេះមហាជនដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេស សំណូមពរយ៉ាងទទួចដល់ឯកឧត្តមបណ្ឌិត ជាម ចាន់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងគោរពស្នើសុំដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន មេត្តាទាន ចាត់កម្លាំងជម្នាញក្រោមឱវាទ ធ្វើអធិការកិច្ច ចំពោះការបណ្ដែតបណ្ដោយបើកដៃឲ្យមានការចរាចរ ដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងខាងលើនេះផងទាន សូមអរគុណ ៕
























