ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅអគារផ្សារក្នុងបុរីរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង លោក សឿម ប៊ុនរិទ្ឋិ អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទៅចូលរួមធ្វើការផ្សព្វផ្សាយ និងជំរុញដែលពុំទាន់សហការ និងចូលរួមធ្វើការភ្ជាប់បណ្តាញទឹកកខ្វក់ចេញពីលំនៅដ្ឋានឫ ខ្នងផ្ទះភ្ជាប់មកបណ្តាញទឹកកខ្វក់សាធារណៈរបស់រដ្ឋឱ្យមានការយល់ដឹងដើម្បីចូលរួម និងសហការជាមួយគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងការភ្ជាប់បណ្តាញទឹកកខ្វក់តាមលំនៅដ្ឋានឫខ្នងផ្ទះ មុនពេលគម្រោងត្រូវបញ្ជប់នៅបំណាច់ខែឧសភា ឆ្នាំ២០២៥នេះ ។
ក្នុងពិធីផ្សព្វផ្សាយនេះ មានការចូលរួមពីអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត អភិបាលរងនៃគណៈអភិបាលក្រុងបាត់ដំបង ចៅសង្កាត់ ចៅសង្កាត់រង សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុប្រធានភូមិ នៃសង្កាត់រតន: និងសង្កាត់ព្រែកព្រះស្តេច ព្រមទាំងបងប្អូនប្រជាពលរដ្ឋមកពី៧ភូមិ នៃសង្កាត់រតនៈ និង ប្រជាពលរដ្ឋមកពី8ភូមិ នៃសង្កាត់ព្រែកព្រះស្តេច ។
ក្រោយពីការផ្សព្វផ្សាយចប់ បងប្អូនប្រជាពលរដ្ឋមានការយល់ដឹងអំពីសារសំខាន់ និងការគិតគូរយកចិត្តទុកដាក់លើការងារគ្រប់គ្រងទឹកកខ្វក់ចេញពីលំនៅដ្ឋានឫ ខ្នងផ្ទះពីសំណាក់អាជ្ញាធរ ក្រសួងស្ថាប័នជំនាញ ហើយបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួនចូលរួម និងសហការឱ្យបានល្អប្រសើរព្រមទាំងជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតដែលពុំបានមកចូលរួម៕ដោយលោក យ៉ាន់ សីហា






















