ក្រសួងព័ត៌មាន សូមជម្រាបជូនដំណឹងដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ជ្រាបថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រសួងព័ត៌មាន នឹងរៀបចំ «វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ (Zero Fake News Media Forum and Awards 2026)» ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែង ក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង ក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ ។
វេទិកានេះ រៀបចំឡើងក្រោមគម្រោង «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ (Zero Fake News Campaign)៖ ការពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងព័ត៌មានមិនពិត បន្ទាប់ពីកម្មវិធីប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២) ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ កម្មវិធីនេះ នឹងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា តំណាងស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកជំនាញផ្ទៀងផ្ទាត់ព័ត៌មាន តំណាងសង្គមស៊ីវិល ព្រមទាំងវាគ្មិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិមកពីបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ សរុបប្រមាណ ៣០០នាក់។
វេទិកាពេញមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីហានិភ័យ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងការចែកចាយព័ត៌មានដោយខ្វះការទទួលខុសត្រូវ។ វេទិកានេះក៏នឹងផ្តោតសំខាន់លើការចែករំលែកបទពិសោធល្អៗលើការផ្ទៀងផ្ទាត់ព័ត៌មានពិត (Fact-checking)
ការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថល ការឆ្លើយតបចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានអំឡុងពេលវិបត្តិ ព្រមទាំងពង្រឹងកិច្ចសហ ប្រតិបត្តិការតំបន់ក្នុងការទប់ស្កាត់ការសាយភាយព័ត៌មានមិនពិតឆ្លងដែន ស្របតាមទិសស្លោក “ផ្ទៀងផ្ទាត់ មុនចែករំលែក (Verify Before You Share)» និង «រួមគ្នាដើម្បីសុចរិតភាពព័ត៌មាន (Together for Information Integrity)»។
ទន្ទឹមនឹងវេទិកាពិភាក្សា ក៏មានការរៀបចំពិធីប្រគល់ពានរង្វាន់ «ជ័យលាភីអ្នកសារព័ត៌មាន និងអ្នកផលិត មាតិកាប្រឆាំងព័ត៌មានក្លែងក្លាយ (Zero Fake News Media and Content Creator Awards)» ជូន ដល់ម្ចាស់ជ័យលាភី ចំនួន ៥រូប ដែលបានចូលរួមផលិតមាតិកាប្រកបដោយភាពច្នៃប្រឌិត សីលធម៌វិជ្ជាជីវៈ និងមានឥទ្ធិពលវិជ្ជមានដល់សង្គម។
តាមការរំពឹងទុក វេទិកានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងបណ្តាញអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាដែលមានទំនួលខុសត្រូវខ្ពស់ លើកកម្ពស់ទំនុកចិត្តសាធារណៈលើប្រភពព័ត៌មាន ច្បាស់ការណ៍ ព្រមទាំងពង្រឹងភាពធន់របស់សង្គមជាតិ និងតំបន់មេគង្គ-ឡានឆាងទាំងមូលក្នុងការប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាព ជាពិសេសវេទិកានេះ នឹងជួយពង្រឹងតួនាទីដ៏សំខាន់ របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយឆ្លងដែន ដែលបាននិងកំពុងចរាចរយ៉ាងឆាប់រហ័សនៅក្នុងតំបន់៕























