ព្រះវិហារ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករវៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមណីយ បានចុះប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងជល់មាន់លួចលាក់មួយកន្លែង ស្ថិតនៅក្នុងចំការចាន្ទី ភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ កាលពីវេលាម៉ោង ៣:៣៥ នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
ប្រតិបត្តិការបង្រ្កាបបល្បែងស៊ីសងខុសច្បាប់នេះ បានធ្វើឡើងក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកវីរៈសេនីយ៍ទោ លឹម អង់អាច អធិការនគរបាលស្រុករវៀង។
លោកអធិការស្រុកបានឱ្យដឹងថា ទីតាំងសង្វៀនជល់មាន់ខុសច្បាប់ដែលត្រូវបានបង្ក្រាបនេះ មានម្ចាស់ឈ្មោះ លោកនី ភេទប្រុស អាយុ ៧០ ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្ននៅរាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តថា នៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ ក្រុមអ្នកញៀនល្បែងជល់មាន់ទាំងអស់បានដឹងខ្លួនមុន និងបានរត់គេចខ្លួនបាត់ស្រមោលអស់។
ទោះបីជាយ៉ាងណា នៅកន្លែងកើតហេតុ សមត្ថកិច្ចបានដកហូត និងបំផ្លាញចោលនូវវត្ថុតាងរួមមាន៖
សង្វៀនជល់មាន់ ចំនួន ០១
រោងដំបូលប្រក់ដែក ចំនួន ០១
បច្ចុប្បន្ន កម្លាំងជំនាញបានរៀបចំនីតិវិធី និងធ្វើកិច្ចសន្យាដកហូតទីតាំង ដើម្បីធានាថាគ្មានការលួចលាក់បើកលេងល្បែងស៊ីសងខុសច្បាប់ជាថ្មីទៀតឡើយ៕រាយការណ៍ ដោយលោក ខៀវ ផល្លា























