ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន ១០គ្រួសារ ដែលបានរងផលប៉ះពាល់ដោយសារគ្រោះអគ្គិភ័យឆាបឆេះ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតក្នុងភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ និងបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះឧបទ្ទវហេតុដ៏រន្ធត់ដែលបានបំផ្លាញទ្រព្យសម្បត្តិរបស់បងប្អូន។
ដើម្បីជួយសម្រាលទុក្ខលំបាកចំពោះមុខ និងការខ្វះខាតជាបណ្តោះអាសន្ន ក្រុមការងារបានប្រគល់ជូននូវអំណោយមនុស្សធម៌ ក្នុងនោះ ១គ្រួសារទទួលបាន៖
១.អង្ករ៖ ២៥ គីឡូក្រាម
២.តង់ស្នាក់នៅ៖ ១ សម្រាប់
៣.មី៖ ១ កេស
៤.ទឹកសុទ្ធ៖ ២ កេស
៥.ទឹកស៊ីអ៊ីវ៖ ១ យួរ
៦.ទឹកត្រី៖ ១ យួរ
និងថវិកាឧបត្ថម្ភ៖ មួយចំនួន
ការចុះជួយអន្តរាគមន៍ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ភ្លាមៗនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋបាលរាជធានីភ្នំពេញ និងកាកបាទក្រហមកម្ពុជា ដែលតែងតែនៅក្បែរ និងមិនបោះបង់ចោលប្រជាពលរដ្ឋក្នុងស្ថានភាពលំបាកនោះឡើយ៕























