រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសម្តែងការព្រួយបារម្ភ និងក្តៅក្រហាយយ៉ាងខ្លាំង ចំពោះទីតាំងអាជីវកម្មជ្រកក្រោមស្លាក «កាហ្វេ ១៦៨» មួយកន្លែង ស្ថិតនៅ ក្នុងសង្កាតស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានលួចលាក់បើកបទល្មើសល្បែងស៊ីសងខុសច្បាប់យ៉ាងអាណាធិបតេយ្យ និងបើកដំណើរការយ៉ាងរលូនអស់រយៈពេលយ៉ាងយូរមកហើយ ដោយពុំទាន់ឃើញមានចំណាត់ការចុះបង្ក្រាបពីសំណាក់អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធនៅឡើយ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតខាងបានឱ្យដឹងថា ទីតាំងខាងលើនេះមើលពីខាងក្រៅដូចជាហាងលក់ភេសជ្ជៈធម្មតា ប៉ុន្តែខាងក្នុងមានការបង្កប់ល្បែងស៊ីសងអេឡិចត្រូនិក និងការភ្នាល់ខុសច្បាប់ផ្សេងៗ ដែលជារៀងរាល់ថ្ងៃមានមនុស្សម្នាចេញចូលលេងយ៉ាងអ៊ូអរ។ ការបើកដំណើរការល្បែងស៊ីសងខុសច្បាប់ឡើងដុះស្លែបែបនេះ បានបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ព្រោះវាជាដើមហេតុបង្កើតឱ្យមានអំពើចោរកម្ម ចោរឆក់ ចោរលួច និងហិង្សាក្នុងគ្រួសារជាដើម។
សូមរំលឹកថាកន្លងមក ពាក់ព័ន្ធនឹងបញ្ហាល្បែងស៊ីសងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ធ្លាប់បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយតម្រូវឱ្យអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវតែចុះត្រួតពិនិត្យ និងបង្ក្រាបរាល់ទីតាំងល្បែងស៊ីសងខុសច្បាប់ឱ្យអស់ពីក្នុងមូលដ្ឋាន ដោយ «គ្មានការលើកលែង និងគ្មានការយោគយល់» ឡើយ។ ថ្នាក់ដឹកនាំបានបញ្ជាក់ច្បាស់ៗថា អាជ្ញាធរណាដែលបណ្តែតបណ្តោយ ឬបើកដៃឱ្យមានល្បែងស៊ីសងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នឹងត្រូវប្រឈមមុខនឹងការអនុវត្តវិន័យ ឬទោសទណ្ឌតាមផ្លូវច្បាប់។
យោងតាម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង (ឆ្នាំ១៩៩៦) បានចែងយ៉ាងច្បាស់ថា៖
មាត្រា ៤៖ អ្នកបើកវង់ល្បែង អ្នកអ្នកចាត់ចែង ឬអ្នកកែច្នៃទីតាំងសម្រាប់ល្បែងស៊ីសងខុសច្បាប់ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារពី ៥ថ្ងៃ ដល់ ៥ឆ្នាំ។
មាត្រា ៥៖ អ្នកលេងល្បែងស៊ីសងខុសច្បាប់ ក៏ត្រូវប្រឈមមុខនឹងការផ្ដន្ទាទោសពិន័យជាប្រាក់ និងទោសពន្ធនាគារផងដែរ។
មហាជន និងប្រជាពលរដ្ឋ សូមអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ទៀ ចាន់សា អធិការនគបាលខណ្ឌដូនពេញ មេត្តាចុះស្រាវជ្រាវ និងមានវិធានការក្តៅក្នុងការបង្ក្រាបទីតាំង «កាហ្វេ ១៦៨» នេះឱ្យមានប្រសិទ្ធភាព ដើម្បីពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋឡើងវិញ៕
(សូមបញ្ជាក់ថាទីតាំងល្បែងខាងលើ គឺនៅមិនឆ្ងាយពីសាលាសង្កាត់ស្រះចកឡើយ)



























