ភ្នំពេញ៖ ក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ព្រមទាំងស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន។
ការជំរុញបែបនេះមានគោលបំណងធានាថា មន្ត្រី អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានទាំងអស់អាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងរក្សាបាននូវគុណភាពការងារខ្ពស់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ពិតជាមានសារៈសំខាន់ ដែលទាមទារឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ដែលមានតួនាទីជាអ្នកគ្រប់គ្រងព័ត៌មាន ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា។
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីវាយតម្លៃលទ្ធផល សមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មានមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ។ ដូច្នេះ ដែលទាមទារឱ្យមានការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ព្រោះវាពាក់ព័ន្ធនឹងការគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាពលរដ្ឋ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ការគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាពលរដ្ឋ មានសារៈសំខាន់ ដោយសារបច្ចុប្បន្នមានប្រភពព័ត៌មានជាច្រើន ជាពិសេសនៅលើបណ្តាញសង្គមនានា ដែលអាចធ្វើឱ្យប្រជាពលរដ្ឋងាយជឿលើព័ត៌មានផ្សេងៗ។ ដូច្នេះ ការងារទាំងអស់នេះ ទាមទារឱ្យគ្រប់គ្នាត្រូវគ្រប់គ្រងឱ្យបានម៉ត់ចត់ ក្នុងនាមជាថ្នាក់ដឹកនាំលើប្រព័ន្ធផ្សព្វផ្សាយ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ព័ត៌មាន និងសាធារណមតិនេះ គឺត្រូវយកចិត្តទុកដាក់ខ្លាំង។ បើសិនជាយើងមិនយកចិត្តទុកដាក់ខ្លាំងទេ គឺភាពអាណាធិបតេយ្យនឹងកើតមានឡើងច្រើន»។
រដ្ឋមន្ត្រីបានបន្ថែមថា ការគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាពលរដ្ឋបាន គឺជាការគ្រប់គ្រងបាននូវអំណាច។ មានន័យថា ប្រសិនបើថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ក្នុងក្របខណ្ឌប្រព័ន្ធផ្សព្វផ្សាយ មិនអាចគ្រប់គ្រងព័ត៌មាន និងសាធារណមតិបានទេ នោះការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក៏មិនអាចគ្រប់គ្រងបានដែរ។ ដូច្នេះ ក្នុងនាមជាអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងប្រទេស អ្វីដែលត្រូវអនុវត្ត គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលគួរឱ្យកត់សម្គាល់ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបនៃក្រសួងព័ត៌មានសម្រេចបានក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។ សមិទ្ធផលទាំងនេះកើតចេញពីការលះបង់ ការយោគយល់ កិច្ចសហការគ្នា និងសាមគ្គីភាពជាធ្លុងមួយ។ ទោះបីជាមានការលំបាក បញ្ហាប្រឈម និងឧបសគ្គមួយចំនួនក្តី ក្រសួងបានឈានមកដល់ដំណាក់កាលមួយដែលផ្តល់ក្តីសង្ឃឹម និងជាកម្លាំងចិត្តសម្រាប់បន្តដំណើរទៅមុខប្រកបដោយទំនុកចិត្ត។
រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ត្រូវមានភាពច្បាស់លាស់ ជាក់ស្តែងអាចអនុវត្តបាន និងត្រូវភ្ជាប់ជាមួយគោលដៅរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពីសារៈសំខាន់នៃការបន្តពង្រឹងគុណភាពព័ត៌មាន ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន និងការវិវត្តនៃសង្គម៕






























