ព្រះវិហារ៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីគីឡូម៉ែត្រលេខ ៨២+៣០០ ត្រង់ចំណុចអូរត្រលោក ស្ថិតក្នុងឃុំរមទម រហូតដល់ឃុំរមណីយ ដែលជាប់ព្រំប្រទល់រវាងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ពុំស្ថិតក្រោមដែនសមត្ថកិច្ចគ្រប់គ្រង និងថែទាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារឡើយ។
ជាមួយគ្នានេះ ខ្សែផ្លូវជាតិលេខ៩៥ ដែលឆ្លងកាត់ស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង ក៏ពុំស្ថិតក្រោមដែនសមត្ថកិច្ចគ្រប់គ្រង និងថែទាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារផងដែរ។នេះបើតាមការបង្ហោះតាមបណ្តាញសង្គមផ្លូវការ របស់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់ថា ការជម្រាបជូននេះធ្វើឡើងក្នុងគោលបំណងឱ្យសាធារណជន និងអ្នកប្រើប្រាស់ផ្លូវបានយល់ច្បាស់ពីដែនសមត្ថកិច្ចគ្រប់គ្រង និងថែទាំផ្លូវថ្នល់ ជៀសវាងការភាន់ច្រឡំក្នុងករណីមានបញ្ហា ឬតម្រូវការពាក់ព័ន្ធនឹងការថែទាំ និងជួសជុលកំណាត់ផ្លូវខាងលើ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមអំពាវនាវដល់សាធារណជន អ្នកដំណើរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរតាមដងផ្លូវជាតិទាំងនេះ៕(នេះបើតាមកាបង្ហោះ FB របស់លោក សំ លាងទ្រី)
រាយការណ៍ដោយលោក ខៀវ ផល្លា ពីខេត្តព្រះវិហារ























