ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខណ្ឌមានជ័យ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ។
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយមន្ទីរផែនការរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធ ចៅសង្កាត់ ស្មៀនសង្កាត់ និងមេភូមិទូទាំងខណ្ឌមានជ័យ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាឱកាសនោះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍គូសបញ្ជាក់ពីសារៈសំខាន់នៃទិន្នន័យមូលដ្ឋាន ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖
*យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង៖ សូមសិក្ខាកាមទាំងអស់ខិតខំត្រងត្រាប់ស្តាប់ការពន្យល់ណែនាំរបស់គ្រូឧទ្ទេស ដើម្បីយល់ច្បាស់ពីបច្ចេកទេស និងនីតិវិធីនៃការស្រង់ទិន្នន័យថ្មីៗ។
*ធានាភាពសុក្រឹត និងតម្លាភាព៖ ពេលចុះអនុវត្តការងារជាក់ស្តែង ត្រូវប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ ពិតប្រាកដ និងទាន់ពេលវេលា ជៀសវាងការប៉ាន់ស្មានដែលនាំឱ្យខុសពីស្ថានភាពជាក់ស្តែង។
*ពង្រឹងកិច្ចសហការ៖ មន្ត្រីជំនាញខណ្ឌ សង្កាត់ និងភូមិ ត្រូវសហការគ្នាឱ្យបានស្អិតរមួត និងជួយសម្របសម្រួលគ្នាទៅវិញទៅមក ដើម្បីឱ្យដំណើរការប្រមូលទិន្នន័យឆ្នាំ២០២៦ នេះ ទទួលបានជោគជ័យតាមការគ្រោងទុក។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីបង្គោលនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែមានជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិភូមិ-សង្កាត់ សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការកសាងផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញ ក៏ដូចជាខណ្ឌមានជ័យឱ្យកាន់តែរីកចម្រើនថែមទៀត៕
























