ខេត្តព្រះវិហារ៖ ដើម្បីការពារធនធានធម្មជាតិរបស់រដ្ឋ និងទប់ស្កាត់សកម្មភាពអនាធិបតេយ្យ លោក ស៊ុន ចាន់រក្សា ប្រធានមន្ទីរ៉ែ និងថាមពលខេត្តព្រះវិហារ បានដឹកនាំកម្លាំងមន្ត្រីជំនាញ សហការជាមួយកងរាជអាវុធហត្ថខេត្ត កងរាជអាវុធហត្ថស្រុករវៀង និងកម្លាំងការពារក្រុមហ៊ុន ដេល ខម (Delcom) ចុះប្រតិបត្តិការផ្ទាល់ ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
នៅក្នុងឱកាសចុះត្រួតពិនិត្យនោះ កម្លាំងសមត្ថកិច្ចចម្រុះបានស្វែងរកឃើញទីតាំងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យជាច្រើនកន្លែង។ ទោះជាយ៉ាងណា ម្ចាស់ទីតាំង និងអ្នកប្រកបរបរធ្វើរ៉ែមាសទាំងនោះ បានចូលរួមសហការយ៉ាងល្អជាមួយក្រុមការងារ ដោយបានយល់ព្រមធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងស្ម័គ្រចិត្តរុសរើម៉ាស៊ីន ព្រមទាំងឧបករណ៍ធ្វើរ៉ែមាសផ្សេងៗចេញពីតំបន់ហាមឃាត់ដោយសន្តិវិធី។
ក្រោយបញ្ចប់ប្រតិបត្តិការ អាជ្ញាធរពុំបានធ្វើការដកហូត ឬរឹបអូសវត្ថុតាង និងសម្ភាររបស់ប្រជាពលរដ្ឋនោះទេ ដោយបានត្រឹមធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការរំលោភបំពានជាដាច់ខាត។
សកម្មភាពនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងចំណាត់ការក្តៅរបស់អាជ្ញាធរខេត្តព្រះវិហារ ក្នុងការបន្តរឹតបន្តឹងវិធានការច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិអនាធិបតេយ្យ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕























