ខេត្តព្រះវិហារ៖ រឿងរ៉ាវអាស្រូវដែលបានអង្រួនមតិសាធារណជនក្នុងខេត្តព្រះវិហារ កាលពីពាក់កណ្ដាលឆ្នាំ ២០២៥ កន្លងទៅ ពេលនេះបានឈានដល់ទីបញ្ចប់នៃយុត្តិធម៌ហើយ។ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ តុលាការខេត្តព្រះវិហារបានសម្រេចចេញដីកាបង្គាប់ឱ្យ ឃុំខ្លួនលោក នុត សោភ័ណ្ឌ អតីតអភិបាលស្រុកត្បែងមានជ័យ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។
ដើមចមនៃរឿងរ៉ាវនេះបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានការចែកចាយវីដេអូឃ្លីបជាច្រើននៅលើបណ្ដាញសង្គម Facebook និង TikTok ដែលបង្ហាញពីសកម្មភាពមិនសមរម្យ និងអសីលធម៌របស់លោកអភិបាលស្រុក រូបនេះទៅលើស្ត្រីម្នាក់ដែលជាមន្ត្រីក្រោមឱវាទ។
ជនរងគ្រោះក្នុងករណីនេះ គឺជាមន្ត្រីបម្រើការងារនៅសាលាស្រុកត្បែងមានជ័យផ្ទាល់ ខណៈដែលស្វាមីរបស់នាងគឺជាមន្ត្រីយោធាដែលកំពុងឈរជើងបំពេញភារកិច្ចនៅសមរភូមិជួរមុខ។ ការសម្រេចរបស់តុលាការនៅពេលនេះ ត្រូវបានគេមើលឃើញថាជាការផ្ដល់យុត្តិធម៌ដ៏ពិតប្រាកដ និងជាការព្រមានដល់មន្ត្រីដឹកនាំទាំងឡាយណាដែលប្រើប្រាស់អំណាចបំពានលើសីលធម៌ និងថ្លៃថ្នូររបស់ស្ត្រីភេទ។
មហាជនជាច្រើនបានសម្ដែងការគាំទ្រចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងស្ថាប័នតុលាការ ដែលមិនលើកលែងឱ្យមន្ត្រីខិលខូច និងបានជួយលើកកម្ពស់តម្លៃស្ត្រីនៅក្នុងសង្គមជាតិ៕
រាយការណ៍ ដោយលោក ខៀវ ផល្លា ពីខេត្តព្រះវិហារ






















